ជប៉ុនស្វាគមន៍ទេសចរបរទេសបានជាង ៣លាននាក់ នៅរយៈពេលពីរខែជាប់ៗគ្នា

អន្តរជាតិ

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃទី១៥ ខែឧសភាថា នៅក្នុងខែមេសាតែមួយប៉ុណ្ណោះ ប្រទេសជប៉ុនបានស្វាគមន៍នៃការមកដល់របស់ភ្ញៀវទេសចរបរទេសជាង ៣លាននាក់ ខណៈដែលចំនួននេះបានកើតឡើងនៅរយៈពេលពីរខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyodo ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញថា នៅក្នុងខែមេសាចំនួននៃភ្ញៀវទេសចរបរទេស ដែលមកក្នុងគោលបំណងទាំងធ្វើជំនួញ និងដំណើរកម្សាន្តមានចំនួនសរុបប្រមាណ ៣,០៤លាននាក់ ខណៈពេលដែលនៅខែមីនា ជប៉ុនស្វាគមន៍ទេសចរបរទេសបានចំនួន ៣,០៨លាននាក់ផងដែរ។

ក្នុងនោះ ប្រភពភ្ញៀវទេសចរច្រើនជាងគេ គឺមកពីកូរ៉េខាងត្បូងដោយមានប្រមាណ ៦៦ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវមកពីប្រទេសចិន ដែលមានជាង ៥៣ម៉ឺននាក់ រីឯមកពីតៃវ៉ាន់វិញមានជិត ៤៦ម៉ឺននាក់។ ក្រៅពីនោះ ភ្ញៀវមកពីឥណ្ឌូណេស៊ីក៏មានជាង ៦ម៉ឺននាក់ និងមកពីមជ្ឈឹមបូព៌ាក៏មានខ្ទង់ប្រមាណ ២ម៉ឺននាក់ផងដែរ។

គួរជម្រាបដែរថា ជប៉ុនកំពុងដាក់ក្តីសង្ឃឹមនឹងក្លាយជាប្រទេស ដែលផ្តោតជាសំខាន់ទៅលើវិស័យទេសចរណ៍ ដោយរំពឹងថានឹងអាចទាក់ទាញនូវភ្ញៀវទេសចរបរទេសបានខ្ទង់ ៦០លាននាក់ក្នុងឆ្នាំ២០៣០ ៕