ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី១៦ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ និងត្រៀមជួបជជែកជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីងផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក ពូទីន បានសម្រេចចិត្តជ្រើសយកប្រទេសចិន ក្នុងការបំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី៥ ដើម្បីបង្ហាញពិភពលោកឲ្យដឹងកាន់តែច្បាស់ ពីទំនាក់ទំនងដ៏ល្អរវាងចិន និងរុស្ស៊ី។
នៅក្នុងដំណើរទស្សនកិច្ចនេះទៀតសោត មេដឹកនាំប្រទេសទាំង២ នឹងជជែកគ្នាស៊ីជម្រៅ ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ស្របពេលលោកពូទីន បានកោតសរសើរលោក ស៊ី ពីការជួយជ្រោមជ្រែងទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងរុស្ស៊ីថែមទៀត។
គួររំលឹកបន្តិចថា កាលពីឆ្នាំ២០២២ ប្រទេសរុស្ស៊ី និងចិន បានប្រកាសចាត់ទុកគ្នាជាដៃគូសហប្រតិបត្តិការ គ្មានដែនកំណត់លើគ្រប់វិស័យ ដើម្បីប្រឆាំងនឹងការពង្រីកខ្លួនរបស់មហាអំណាចលោកខាងលិច៕