គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ បានធ្វើការអនុម័តចំពោះការផ្តល់ទិដ្ឋាការពិសេសរយ:ពេល ១០ឆ្នាំ សម្រាប់នាយកប្រតិបត្តិ ឬកម្មករជំនាញបរទេសដែលមកធ្វើការនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Rudklao Intawong Suwankiri បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រី បានអនុម័តសំណើពីការិយាល័យ EEC សម្រាប់ការផ្តល់ទិដ្ឋាការពិសេស EEC ក្នុងគោលបំណងទាក់ទាញអ្នកឯកទេស នៅក្នុងវិស័យផ្សេងៗឲ្យមកធ្វើការនៅក្នុងច្រករបៀងសេដ្ឋកិច្ចពិសេសរបស់ប្រទេសខ្លួនបន្ថែមទៀត។
គួរឲ្យដឹងផងដែរថា ទិដ្ឋាការថ្មីនេះមានសុពលភាពរយៈពេល ១០ឆ្នាំ ដោយវានឹងអនុញ្ញាតឲ្យជនបរទេសអាចចូល និងចេញពីប្រទេសថៃ បានច្រើនលើក ប៉ុន្តែមិនត្រូវលើសពីរយៈពេលនៃកិច្ចសន្យាការងារនោះឡើយ។
បន្ថែមពីលើទិដ្ឋាការពិសេសនេះ អ្នកឯកទេសបរទេសដែលរស់នៅ និងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ច EEC អាចទទួលបានអត្ថប្រយោជន៍ពីអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនពិសេស ១៧% បើធៀបនឹងអត្រាពន្ធលើប្រាក់ចំណូលដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន ក្នុងអត្រាអតិបរមា ៣៥% ។
ជម្រាបជូនផងដែរថា EEC មានទីតាំងនៅក្នុងខេត្តចំនួនបីនៅភាគខាងកើតប្រទេសថៃ រួមមាន Rayong, Chonburi និង Chachoengsao។ ក្រោមផែនការអភិវឌ្ឍ EEC សម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ប្រទេសថៃមានបំណងទាក់ទាញការវិនិយោគសរុបប្រចាំឆ្នាំជាមធ្យមប្រហែល ២,៨ពាន់លានដុល្លារ និងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យា ការផលិត សេវាកម្ម និងការតភ្ជាប់ជាមួយប្រទេសជិតខាង ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ផងដែរ៕