តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យនៅហុងកុង ហក់ឡើងខ្ពស់ ក្រោយរដ្ឋាភិបាលដាក់ចេញផែនការជំនួយថ្មី

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងទីក្រុងហុងកុង បានកើនឡើងខ្លាំង គិតនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានរបាយការណ៍អះអាងថារដ្ឋាភិបាលចិន កំពុងពិចារណាលើផែនការក្នុងការជួយទិញផ្ទះរាប់លានខ្នងដែលមិនទាន់លក់ចេញ ពីក្រុមហ៊ុនអចលនទ្រព្យដែលធ្លាក់ចូលក្នុងវិបត្តិនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ បានធ្វើឲ្យសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ​ចិន ក្នុងទីផ្សារភាគហ៊ុន Hang Seng របស់ហុងកុង ហក់ឡើងយ៉ាងខ្លាំង នៅក្នុងការជួញដូរដំបូង ដោយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Sino-Ocean Group ដែលគាំទ្រដោយរដ្ឋ បានកើនឡើងដល់ ៤៦% ខណ:ក្រុមហ៊ុនអភិវឌ្ឍឯកជន CIFI Holdings កើនឡើង ២៦% និងក្រុមហ៊ុន Shimao Group កើនឡើង ១៨% ។

ទន្ទឹមនឹងនេះ បើតាមសារព័ត៌មាន Bloomberg បាននិយាយកាលពីថ្ងៃពុធកន្លងទៅ ថា ក្រុមប្រឹក្សារដ្ឋចិន កំពុងធ្វើការស្រង់មតិកែលម្អលើផែនការជំនួយបឋមពីខេត្ត និងស្ថាប័នរដ្ឋាភិបាលនានា បន្ទាប់ពីមានកិច្ចប្រជុំរបស់មេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ដែលបានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកកស្ទះលំនៅឋានដែលកំពុងកើនឡើង។

ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា សហគ្រាសរដ្ឋក្នុងតំបន់ នឹងត្រូវបានស្នើសុំឲ្យជួយទិញផ្ទះដែលមិនទាន់លក់ចេញ ពីក្រុមហ៊ុនអភិវឌ្ឍដែលមានបញ្ហា ដោយប្រើប្រាល់ប្រាក់កម្ចីដែលផ្តល់ជូនដោយធនាគាររដ្ឋ ហើយផ្ទះដែលទិញយកបាននេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់ចែកជូនដល់ប្រជាជនវិញ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុល នៅពាក់កណ្តាលឆ្នាំ២០២១។ ហើយចាប់តាំងពីឆ្នាំ២០២២ មក រដ្ឋាភិបាលចិន បានព្យាយាមដាក់ចេញនូវវិធានការជាច្រើន ដើម្បីជាកត្តាអូសទាញ និងផ្តល់ទំនុកចិត្តដល់អតិថិជនឡើងវិញ៕