សារព័ត៌មាន Reuters បានចុះផ្សាយថា នាថ្ងៃអាទិត្យ ទី១៩ ខែឧសភាខាងមុខ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីសម្ពោធបើកដំណើរការផ្កាយរណប Starlink របស់ខ្លួន ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Pandjaitan ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងប្រធានាធិបតី Joko Widodo បានលើកឡើងថា លោក Musk នឹងមកសម្ពោធបើកដំណើរការសេវាកម្ម ជាមួយមេដឹកនាំឥណ្ឌូណេស៊ី នៅលើកោះបាលី។
ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងលោក Budi Arie Setiadi បាននិយាយដែរថា ការសម្ពោធ Starink នឹងធ្វើឡើងនៅគ្លីនិកមួយក្នុងរដ្ឋធានី Denpasar នៃដែនកោះបាលី មួយវិញទៀតវាក៏ជាកន្លែងដែលលោក Musk គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីនោះផងដែរ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ជាពិសេស សេវាកម្មនេះនឹងមានសមត្ថភាពខ្ពស់ក្នុងការផ្តល់ប្រព័ន្ធអ៊ីនធឺណេត ទៅកាន់ទីតាំងដាច់ស្រយាល ឬតំបន់ដែលមិនអាចតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងទៅដល់បាន៕