នាថ្ងៃទី១៧ ខែឧសភា តុលាការហុងកុងបានប្រកាសពន្យារពេលបើកសវនាការកាត់ក្ដី លើញត្តិរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden រហូតដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីទុកពេលឲ្យក្រុមហ៊ុនចិនមួយនេះ អាចរកដំណោះស្រាយលើបញ្ហាបំណុលរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា សេចក្ដីប្រកាសរបស់តុលាការហុងកុង កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលចិន កំពុងខ្នះខ្នែងជួយដល់ក្រុមហ៊ុនជាច្រើន ដែលកំពុងមានវិបត្តិក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះក៏មានក្រុមហ៊ុន Country Garden ផងដែរ។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Country Garden បានប្រកាសពីបំណុលប្រមាណ ១១ពាន់លានដុល្លារ ហើយក៏កំពុងស្វែងរកដំណោះស្រាយជុំវិញបញ្ហាមួយនេះ ក៏ប៉ុន្តែកាលពីខែកុម្ភៈ មានក្រុមហ៊ុនហុងកុងមួយ បានដាក់ញត្តិទៅកាន់តុលាការឲ្យធ្វើការរំលាយក្រុមហ៊ុនចិនមួយនេះ បន្ទាប់ពីខកខានសងបំណុលប្រមាណ ២០៥លានដុល្លារ។
សូមជម្រាបដែរថា វិស័យអចលនទ្រព្យនៅប្រទេសចិន បានផុងក្នុងរណ្ដៅយ៉ាងជ្រៅកាលពីឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្ស China Evergrande ក្លាយជាក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក និងបានទាញឲ្យក្រុមហ៊ុនរកស៊ីលើវិស័យជាមួយគ្នា ជាប់បំណុលវ័ណ្ឌក ប្រកាសក្ស័យធនបន្តកន្ទុយគ្នាជាច្រើនថែមទៀត៕