លោកស្រី Melinda French Gates អតីតភរិយាមហាសេដ្ឋី Bill Gates បានប្រកាសកាលពីដើមសប្ដាហ៍ថា លោកស្រីនឹងលាលែងតំណែង ជាសហប្រធានមូលនិធិ Bill & Melinda Gates Foundation ដែលបានបង្កើតឡើងជាមួយអតីតស្វាមី កាលពីឆ្នាំ២០០០។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា មូលហេតុដែលលោកស្រី សម្រេចចិត្តលាលែងតំណែងនៅក្នុងមូលនិធិសប្បុរសធម៌មួយនេះ ដោយសារតែលោកស្រី មានបំណងចង់ធ្វើសប្បុរសធម៌ដាច់ដោយឡែក ជាពិសេសគឺជួយដល់ស្ត្រី និងគ្រួសារជាច្រើននៅសហរដ្ឋអាមេរិក និងពិភពលោក។
ការចាកចេញរបស់លោកស្រី នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ហើយលោកស្រីក៏បានបង្ហើបថា ចំពោះផែនការនាថ្ងៃអនាគត និងបង្ហាញតាមក្រោយ ស្របពេលលោកស្រី Melinda ក៏នឹងទទួលបានកញ្ចប់ទឹកប្រាក់លើកទឹកចិត្តពីមូលនិធិ Bill & Melinda Gates Foundation ប្រមាណ ១២,៥ពាន់លានដុល្លារផងដែរ។
ជម្រាបបន្ថែមថា មូលនិធិ Bill & Melinda Gates Foundation ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ក្រោមការផ្ដួចផ្ដើមរបស់មហាសេដ្ឋី Bill Gates និងអតីតភរិយា ហើយរយៈពេលជាង ២៤ឆ្នាំ មូលនិធិសប្បុរសធម៌មួយនេះ បានជួយដល់មនុស្សរាប់ម៉ឺននាក់ គិតជាថវិកាប្រមាណ ៧៨ពាន់លានដុល្លារ៕