លោក Tadashi Yanai ប្រធានក្រុមហ៊ុន Fast Retailing និងលោក Masayoshi Son នាយកប្រតិបត្តិនៃក្រុមហ៊ុន SoftBank Group ស្ថិតនៅក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៥ ក្នុងប្រទេសជប៉ុន ដោយបូកចូលគ្នាទ្រព្យសម្បត្តិសរុបរបស់ពួកគេមានជិត ១១០ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមបញ្ជីមហាសេដ្ឋីមានបំផុតរបស់ពិភពលោកឆ្នាំ២០២៤ ចេញផ្សាយដោយទស្សនាវដ្តី Forbes ។
សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី១ របស់ជប៉ុន គឺលោក Tadashi Yanai ប្រធានក្រុមហ៊ុន Fast Retailing បច្ចុប្បន្នមានវ័យ ៧៥ឆ្នាំ ដោយទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួនប្រមាណ ៤២,៨ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៣១% បើធៀបទៅនឹងឆ្នាំមុន។
គួរឲ្យដឹងថា លោក Tadashi បានបង្កើតក្រុមហ៊ុនលក់សម្លៀកបំពាក់ Fast Retailing ក្នុងឆ្នាំ ១៩៩១ ជាក្រុមហ៊ុនមេរបស់ Uniqlo ដែលមានហាងសរុបចំនួន ២ ៥០០ នៅទូទាំង ២៥ ប្រទេស។
ចំពោះចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីនេះ គឺធ្លាក់លើលោក Masayoshi Son នាយកប្រតិបត្តិនៃក្រុមហ៊ុន SoftBank Group ដោយទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួន ៣២,៧ពាន់លានដុល្លារ កើនឡើង ៤៦% ធៀបនឹងឆ្នាំមុន។
ដោយឡែក លោក Takemitsu Takizaki ស្ថាបនិកក្រុមហ៊ុនគ្រឿងអេឡិចត្រូនិក Keyence ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣,១ពាន់លានដុល្លារ កើនឡើង ១០% ធៀបទៅនឹងឆ្នាំ២០២៣ កន្លងទៅ ។
លោក Takahisa Takahara ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Unicharm ជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុងបញ្ជីនេះ ដោយទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួន ៦,៤ពាន់លានដុល្លារ ធ្លាក់ចុះ ១១% ធៀបទៅនឹងឆ្នាំមុន។
សម្រាប់ឈ្មោះចុងក្រោយ ក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រទេសជប៉ុន គឺបានទៅលើលោក Akio Nitori ស្ថាបនិកក្រុមហ៊ុន Nitori Holdings ដែលគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងសង្ហារិមធំបំផុតមួយក្នុងប្រទេស។ លោក Akio បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៦ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៣៩% ធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ៕