ហ្វីលីពីន បញ្ជាទិញនាវាឆ្មាំសមុទ្រ ៥ គ្រឿង ពីប្រទេសជប៉ុន ក្នុងតម្លៃជាង ៤០០លានដុល្លារ

អន្តរជាតិ

យោងតាមរដ្ឋាភិបាលហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែឧសភាកន្លងទៅថា ប្រទេសរបស់ខ្លួន បានយល់ព្រមបញ្ជាទិញនាវាឆ្មាំសមុទ្រចំនួន ៥ គ្រឿង ពីប្រទេសជប៉ុន នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង ៤០០លានដុល្លារ ខណ:ពេលដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងប្រឈមមុខទៅនឹងសម្ពាធកាន់តែខ្លាំងពីសំណាក់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ប្រាក់កម្ចីដល់ហ្វីលីពីន ចំនួន ៦៤,៣៨ពាន់លានយ៉េន (៤១៦លានដុល្លារ) ដើម្បីទិញនាវាពហុតួនាទី ចំនួន ៥ គ្រឿង​ និងការចំណាយសម្រាប់អភិវឌ្ឍឧបករណ៍ចាំបាច់ផ្សេងទៀត។

ជុំវិញការបញ្ជាទិញនាវានេះ អាចនឹងធ្វើឲ្យហ្វីលីពីន កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត នូវសមត្ថភាពរបស់ខ្លួន សម្រាប់ប្រតិបត្តិការដែនសមុទ្រ ជាពិសេសក្នុងការដោះស្រាយទៅលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ជម្រាបជូនផងដែរថា បណ្តាប្រទេសជាច្រើន កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសចិនកាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការទាមទារការគ្រប់គ្រងរបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង៕