មហាសេដ្ឋីអាមេរិក Frank McCourt បានប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន Project Liberty របស់លោកកំពុងដំណើរការដេញថ្លៃ ទិញយកក្រុមហ៊ុន TikTok ដែលកំពុងមានបញ្ហាជាមួយរដ្ឋាភិបាលអាមេរិក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Firstpost បានបង្ហាញថា ការដេញថ្លៃនេះ កើតឡើងក្រោយប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញញត្តិមួយ ទាមទារឲ្យក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ត្រូវតែលក់កម្មវិធី TikTok ដែលមានប្រតិបត្តិការនៅអាមេរិក បើមិនដូច្នោះទេគឺប្រឈមនឹងការបិទក្រុមហ៊ុនចោលទទេ។
គួររំលឹកបន្តិចថា ការដេញថ្លៃទិញក្រុមហ៊ុន TikTok នេះ គឺមានសិទ្ធគ្រប់គ្រងតែអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ មិនមែនអាចគ្រប់គ្រងក្រុមហ៊ុនទាំងមូលទូទាំងសកលលោកឡើយ ខណៈទំហំទឹកប្រាក់ក្នុងការដេញថ្លៃគឺមិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយទេ។
សូមជម្រាបដែរថា ក្រុមហ៊ុន ByteDance កំពុងតវ៉ាការទាមទារពីរដ្ឋាភិបាលអាមេរិក បើទោះជាភាគីអាមេរិកអះអាងថា រដ្ឋាភិបាលចិនអាចលួចយកទិន្នន័យប្រជាជនអាមេរិក តាមរយៈការប្រើប្រាស់កម្មវិធី TikTok ក៏ប៉ុន្តែក្រុមហ៊ុន ByteDance អះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធរឿងនយោបាយ ហើយក៏មិនមានបំណងលក់ក្រុមហ៊ុនដែរ៕