មហាសេដ្ឋីជប៉ុន Yusaku Maezawa បាននិយាយថា លោកបានប្ដឹងក្រុមហ៊ុន Facebook នៅប្រទេសជប៉ុន និងក្រុមហ៊ុនមេ Meta ជុំវិញភាពធ្វេសប្រហែសរបស់ពួកគេ ដែលបង្កឲ្យមានជនមិនស្គាល់មុខ ប្រើប្រាស់រូបភាពរបស់លោក ទៅឆបោកអ្នកដទៃនៅបណ្ដាញសង្គម Facebook។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Japantimes បានបង្ហាញថា មហាសេដ្ឋីជប៉ុន មានទ្រព្យសម្បត្តិប្រហែល ១,៤ពាន់លានដុល្លាររូបនេះ បានទាមទារឲ្យក្រុមហ៊ុន Facebook បញ្ឈប់រាល់ការឆបោកតាមប្រព័ន្ធអនឡាញ ដែលមានរូបលោកទាំងអស់ និងទារសំណងជាទឹកប្រាក់ត្រឹម ១យ៉េន ឬប្រហែល ០,០០៦ដុល្លារប៉ុណ្ណោះ។
គួររំលឹកដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ក្រុមហ៊ុន Facebook នៅជប៉ុន ក៏ទទួលបានពាក្យបណ្ដឹងស្រដៀងគ្នាចំនួន ៤ករណី ដោយជនរងគ្រោះទាំង ៤រូប បានទាមទារឲ្យក្រុមហ៊ុនសងសំណង ២៣លានយ៉េន ពីការចាញ់បោកលើបណ្ដាញសង្គម Facebook ក្នុងប្រទេសជប៉ុនផងដែរ៕