មកស្គាល់បេក្ខភាពអាចឡើងកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ ក្រោយលោក Ebrahim Raisi ទទួលមរណភាព

អន្តរជាតិ

អនុប្រធានាធិបតីទី១ លោក Mohammad Mokhber ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងឡើងកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ថ្មី បន្តពីលោក Ebrahim Raisi ក្រោយទទួលមរណភាពដោយសារតែគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា តាមច្បាប់របស់អ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតីបាត់បង់ជីវិត នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់អំណាចបន្ត ប៉ុន្តែចាំបាច់ត្រូវតែមានការយល់ព្រមពីសំណាក់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជាអ្នកសម្រេចទៅលើអ្វីៗគ្រប់បែបយ៉ាង ខណ:ការបោះឆ្នោតសកលថ្មីមួយ នឹងរៀបចំធ្វើឡើងក្នុងរយៈពេលមិនឲ្យលើសពី ៥០ថ្ងៃ។

ដោយកើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៥ លោក Mokhber ត្រូវបានគេមើលឃើញថាជាបុគ្គលដែលមានភាពសិទ្ធស្នាលខ្លាំងបំផុតជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ លោក Mokhber បានក្លាយជាអនុប្រធានាធិបតីទី១ នៅឆ្នាំ២០២១ ខណ:ពេលដែលលោក Raisi ត្រូវបានជ្រើសរើសជាប្រធានាធិបតី។

ដោយទទួលបានការទុកចិត្តខ្លាំង លោក Mokhber ត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់ ផ្តល់តួនាទីឲ្យដឹកនាំក្រុមហ៊ុន Setad ដែលជាស្ថាប័នមួយត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងទៅលើទ្រព្យសម្បត្តិដែលរឹបអូសបាន បន្ទាប់ពីមានការធ្វើបដិវត្តន៍អ៊ីស្លាម នៅឆ្នាំ១៩៧៩។

បើយោងតាមសារព័ត៌មាន Reuters បានរាយការណ៍ផងដែរថា លោក Mokhber គឺជាផ្នែកមួយនៃក្រុមមន្ត្រីកំពូលរបស់អ៊ីរ៉ង់ ដែលបានទៅទស្សនកិច្ចនៅទីក្រុងម៉ូស្គូ កាលពក្នុងខែតុលា ឆ្នាំមុន ហើយបានយល់ព្រមផ្គត់ផ្គង់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត ទៅកាន់យោធារបស់រុស្ស៊ី ផងដែរ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ លោក Mokhber ត្រូវបានចាត់ទុកថាជាបេក្ខភាពនាំមុខគេ ដើម្បីឡើងកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ថ្មី ក្រោយការស្លាប់របស់លោក Raisi ដែលត្រូវបានរដ្ឋអ៊ីស្លាមបញ្ជាក់ថា បានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងពេលឆ្លងកាត់តំបន់ភ្នំមានអ័ព្ទខ្លាំង ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុង Tabriz ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីពិធីបើកសម្ពោធទំនប់ Qiz Qalasi នៅតាមបណ្តោយព្រំដែនអ៊ីរ៉ង់-អាស៊ែបៃហ្សង់៕