ចិន ប្រកាសហាមឃាត់ក្រុមហ៊ុនអាមេរិកធំៗមួយចំនួន ពីការធ្វើជំនួញនៅក្នុងប្រទេសខ្លួន

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងហាមឃាត់ក្រុមហ៊ុនអាមេរិកមួយចំនួនពីសកម្មភាពនាំចូល និងនាំចេញទំនិញនៅក្នុងប្រទេសខ្លួន រួមទាំងហាមមិនឲ្យពួកគេធ្វើការវិនិយោគថ្មីៗ ផងដែរ ដោយសារពាក់ព័ន្ធទៅនឹងការលក់អាវុធទៅឲ្យតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មចិន បានកំណត់គោលដៅទៅលើក្រុមហ៊ុន General Atomics Aeronautical Systems, General Dynamics Land Systems និង Boeing Defense, Space & Security ដោយដាក់បញ្ចូលពួកគេទៅក្នុងបញ្ជីក្រុមហ៊ុនដែលមិនគួរឲ្យទុកចិត្ត ពាក់ព័ន្ធជាមួយនឹងការលក់អាវុធឲ្យកោះតៃវ៉ាន់។

ទន្ទឹមនឹងនេះ សេចក្តីប្រកាសរបស់ក្រសួង បានបង្ហាញឲ្យដឹងទៀតថា នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងបីនោះ នឹងត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីប្រទេសចិនឡើយ ស្របពេលលិខិតអនុញ្ញាតការងាររបស់ពួកគេក៏នឹងត្រូវដកហូត ផងដែរ។

ជម្រាបជូនថា បើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា វិធានការបែបនេះ កំពុងត្រូវបានអនុវត្តដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍរបស់ប្រទេសចិន៕