ធ្មិចបើកៗ ភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបន្តឆាប់ឆេះអស់រយៈពេលជាង ២ឆ្នាំ ពោលបានផ្ទុះឡើងដំបូង កាលពីខែកុម្ភៈឆ្នាំ២០២២ ហើយមកទល់ពេលនេះ សង្គ្រាមនៅតែបន្តក្ដៅគគុកដដែល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា ខណៈពេលដែលសង្គ្រាមនៅតែបន្តឆាបឆេះ តែអាណត្តិដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy គឺបានផុតកំណត់ជាផ្លូវការហើយ ពោលការបោះឆ្នោតជ្រើសរើសមេដឹកនាំអ៊ុយក្រែនថ្មី គឺត្រូវធ្វើតាំងពីថ្ងៃទី៣១ ខែមីនាមកម៉្លេះ។
តែទោះជាយ៉ាងណា កាលពីខែធ្នូ ឆ្នាំ២០២៣ លោក Zelenskyy ធ្លាប់បានប្រកាសថា នឹងមិនមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីឡើយ ដរាបណាច្បាប់អាជ្ញាសឹកនៅតែជាធរមានបែបនេះ។
គួររំលឹកបន្តិចថា ច្បាប់អាជ្ញាសឹកត្រូវបានដាក់ជាធរមាន តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះតាំងពីឆ្នាំ២០២២ ហើយវាបានបន្តអនុវត្តជាច្រើនដង ដោយរដ្ឋសភាអ៊ុយក្រែនមកទល់ពេលនេះ៕