ព្រះរាជអាជ្ញា ICC សុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស

អន្តរជាតិ

ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បាននិយាយកាលពីថ្ងៃទី២០ ឧសភាថា លោកបានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រួមជាមួយរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំក្រុមហាម៉ាសចំនួនបីនាក់ ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Karim Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានហេតុផលដ៏ត្រឹមត្រូវអាចបញ្ជាក់បានថា បុរសទាំងប្រាំនាក់នេះ ជាអ្នកទទួលខុសត្រូវបទព្រហ្មទណ្ឌ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្ត ក្នុងសង្គ្រាមដែលបានកើតឡើងជាងប្រាំពីរខែ លើទឹកដីហ្គហ្សា។

ព្រះរាជអាជ្ញារូបនេះបាននិយាយថា ខ្លួនបានដាក់ពាក្យសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ព្រមទាំងរដ្ឋមន្ត្រីការពារជាតិលោក Yoav Sinwar ព្រោះតែអ្នកទាំងពីរជាអ្នកបញ្ជាលើប្រតិបត្តិការលុកលុយ ប្រឆាំងនឹងក្រុមហាម៉ាសឯតំបន់ហ្គាហ្សា។ លើសពីនោះ លោកក៏បានសុំដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសចំនួនបីរូបរួមមានលោក Yahya Sinwar, លោក Mohammed AL-Masri និងលោក Ismail Haniyeh ផងដែរ។

យ៉ាងណា មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន បានច្រានចោលការចោទប្រកាន់ពួកគេទាំងស្រុងពីបទឧក្រិដ្ឋកម្មសង្គ្រាម ដោយតំណាងភាគីទាំងពីរបានរិះគន់ ចំពោះការសម្រេចចិត្តរបស់លោក Khan ថាជាការបំភ្លៃការពិតទាំងស្រុង។

គួរជម្រាបផងដែរថា សង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Netanyahu បញ្ជាទ័ពចូលប្រតិបត្តិការសងសឹកទៅនឹងការវាយឆ្មក់ដ៏សាហាវរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕