នៅថ្ងៃទី២១ ឧសភា ក្រុមហ៊ុន Trump Media and Technology Group (TMTG) ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានខាតបង់ប្រាក់ជិត ៣២៨លានដុល្លារនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន TMTG បានផ្សព្វផ្សាយជាសាធារណៈនូវការខាត់បង់ទឹកប្រាក់របស់ក្រុមហ៊ុនខ្លួនអស់ចំនួន ៣២៧,៦លានដុល្លារ ចាប់ពីខែមករាដល់ខែមីនា ហើយបើធៀបទៅនឹងត្រីមាសដំបូងដូចគ្នាកាលពីឆ្នាំមុនវិញ ក្រុមហ៊ុនខាតបង់ប្រាក់សុទ្ធអស់ចំនួន ២១០ ៣០០ដុល្លារប៉ុណ្ណោះ។
ក្នុងនោះ អតីតសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងក៏ជានាយកប្រតិបត្តិ TMTG លោក Devin Nunes បានធ្វើការចោទប្រកាន់មូលនិធិការពារហានិភ័យថា បានគ្រប់គ្រងទីផ្សារដោយមិនត្រឹមត្រូវ ជាហេតុនាំឱ្យតម្លៃភាគហ៊ុនរបស់ TMTG មានការធ្លាក់ចុះ។
លើសពីនោះ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ការខាតបង់ប្រចាំត្រីមាសក៏មានការទាក់ទងទៅនឹងការទូទាត់មិនមែនជាសាច់ប្រាក់ (Non-Cash Expenses) ដែលមានតម្លៃដល់ទៅ ៣១១លានដុល្លារ រួមទាំងការសងបំណុលពីមុនៗផងដែរ។
គួរជម្រាបផងដែរថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ជាម្ចាស់ភាគហ៊ុនម្នាក់របស់ក្រុមហ៊ុន TMTG ផងដែរ ពោលរូបលោកមានចំណែកភាគហ៊ុនដល់ទៅ៥៧,៣% ឯណោះ៕