ក្រុមហ៊ុនមហាសេដ្ឋីវៀតណាម ទទួលរងពាក្យបណ្ដឹងនៅអាមេរិក ក្រោយមិនបង់ថ្លៃជួលកន្លែង

អន្តរជាតិ

ក្រុមហ៊ុនមហាសេដ្ឋីមានបំផុតនៅវៀតណាម គឺក្រុមហ៊ុនរថយន្តអគ្គិសនី VinFast ត្រូវបានទទួលពាក្យបណ្ដឹង នៅរដ្ឋកាលីហ្វ័រញ៉ា ពីបទមិនបង់ថ្លៃជួលកន្លែងតាំងបង្ហាញរថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ម្ចាស់បណ្ដឹងគឺក្រុមហ៊ុន SPG Center LLC បានអះអាងថា ក្រុមហ៊ុន VinFast បានជួលកន្លែងតាំងបង្ហាញរថយន្តនៅផ្សារទំនើបមួយ ក្នុងតំបន់ Palo Alto តាំងពីចុងខែមីនា ឆ្នាំ២០២៣ ក៏ប៉ុន្តែបានឈប់បង់ថ្លៃជួលតាំងពីខែឧសភា ឆ្នាំ២០២៣ រហូតដល់ខែមុន ដែលសរុបជាទឹកប្រាក់គឺប្រមាណ ៣៥៦ ០០០ដុល្លារ។

ជាមួយគ្នា ម្ចាស់បណ្ដឹងក៏បានបញ្ជាក់ទៀតថា ពួកគេបានផ្ញើលិខិតព្រមានទៅកាន់ក្រុមហ៊ុន VinFast ម្ដងហើយ ដោយតម្រូវឲ្យក្រុមហ៊ុនមហាសេដ្ឋីវៀតណាម ត្រូវតែបង់ថ្លៃជួល បើមិនដូច្នោះត្រូវរុះរើហាងនោះ ត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក៏ប៉ុន្តែក្រុមហ៊ុន VinFast មិនអើពើសោះ។

សូមជម្រាបដែរថា ក្រុមហ៊ុន VinFast ក៏បានចេញមុខច្រានចោលព័ត៌មានមួយនេះ ដោយអះអាងថា ពួកគេតែងតែបង់ប្រាក់ជួលប្រចាំខែទៀងទាត់ណាស់ ពោលគឺបានបង់ប្រាក់ជួលរហូតដល់ខែមីនា ឆ្នាំ២០២៤ ហើយទើបតែខែមេសាប៉ុណ្ណោះ ដែលអាក់ខាន ដោយសារតែភាគីទាំងសងខាង កំពុងចរចាលើកិច្ចកុងត្រាថ្មី។

បច្ចុប្បន្ននេះ រឿងក្ដីក្ដាំរបស់ក្រុមហ៊ុន VinFast គឺកំពុងស្ថិតក្នុងដំណើរការ ខណៈក្រុមហ៊ុនវៀតណាមនេះ ក៏កំពុងជាប់បណ្ដឹងមួយទៀត ពាក់ព័ន្ធនឹងករណីសុវត្ថិភាព ដែលបណ្ដាលឲ្យមានមនុស្ស ៤នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលបើកបររថយន្តអគ្គិសនី VF8 របស់ក្រុមហ៊ុន VinFast៕