មន្ត្រីសហព័ន្ធកំពុងរៀបចំការផ្ទេរអតីតមហាសេដ្ឋី Sam Bankman-Fried ទៅកាន់ពន្ធនាគារថ្មី បើទោះជាលោកបានស្នើសុំនៅត្រឹមពន្ធនាគារក្នុងក្រុងញូវយ៉ក ដើម្បីត្រៀមរៀបចំការប្ដឹងឧទ្ធរណ៍។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុនជួញដូរគ្រីបតូ FTX ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ជុំវិញករណីឆបោកទឹកប្រាក់ ៨ពាន់លានដុល្លារ ពីក្រុមវិនិយោគិន។
បន្ថែមពីនោះ តុលាការក៏បានរកឃើញថា លោក Sam គឺមានប្រព្រឹត្តបទល្មើសឆបោក ៧ករណី ដែលបង្កឲ្យក្រុមហ៊ុន FTX ឈានដល់ការប្រកាសក្ស័យធន ហើយករណីមួយនេះគឺត្រូវបានចាត់ទុកថា ជាការឆបោកហរិញ្ញវត្ថុធំបំផុតមួយនៅអាមេរិក។
សូមជម្រាបដែរថា បច្ចុប្បន្ននេះ លោក Sam Bankman-Fried គឺកំពុងត្រៀមខ្លួនដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការ ដើម្បីទាមទារការសម្រាលទោសខ្លះ៕