កាលពីថ្ងៃទី២៣ ខែឧសភា ស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla មហាសេដ្ឋី Elon Musk បានប្រាប់ទៅកាន់ក្រុមវិនិយោគិននៅប្រទេសបារាំងថា លោកមិនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលអាមេរិក ជុំវិញការតំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីប្រទេសចិនឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
មហាសេដ្ឋី Elon Musk បាននិយាយថា៖ ទាំងក្រុមហ៊ុន Tesla និងខ្ញុំ មិនបានទាមទារឲ្យមានការតំឡើងពន្ធរថយន្តនាំចូលឡើយ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែន នៅពេលដែលទទួលបានដំណឹងមួយនេះ។ ខ្ញុំគិតថាការធ្វើបែបនេះ នឹងធ្វើឲ្យខូចសណ្ដាប់ធ្នាប់ទីផ្សារ ហើយវាមិនមែនជារឿងល្អឡើយ។
មហាសេដ្ឋីមានបំផុតលើលោកទី៣រូបនេះ ក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រុមហ៊ុន Tesla កំពុងធ្វើបានល្អខ្លាំង ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន លើទីផ្សាររថយន្តអគ្គិសនី ដូច្នេះបើទោះជារដ្ឋាភិបាលមិនតំឡើងពន្ធរថយន្ត ក៏វាមិនមែនជាបញ្ញានោះដែរ។
គួររំលឹកបន្តិចថា កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឲ្យមានការតំឡើងពន្ធ លើគ្រប់ទំនិញនាំចូលពីប្រទេសចិន ជាពិសេសគឺការនាំចូលរថយន្តអគ្គិសនី ដើម្បីគាំទ្រដល់ផលិតកម្មនៅក្នុងស្រុកជំនួស ការនាំចូលពីគូប្រជែង៕