តុលាការ​ថៃ​ទទួល​ពាក្យ​បណ្តឹង​សុំ​ដក​តំណែង​នាយក​រដ្ឋមន្ត្រី​ ជុំវិញ​ការ​តែងតាំង​គណៈរដ្ឋមន្ត្រីធ្លាប់ជាប់ពន្ធនាគារ

អន្តរជាតិ

កាលពីថ្ងៃទី២៣ ខែឧសភា តុលាការធម្មនុញ្ញថៃបានទទួលយកពាក្យបណ្តឹងរបស់សមាជិកសភាចំនួន៤០រូប ដែលបានរួមគ្នាដាក់ញត្តិទាមទារទំលាក់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ដ្បិតរូបលោកបានតែងតាំងមេធាវីធ្លាប់ជាប់ពន្ធនាគារម្នាក់ មកឡើងធ្វើជាគណៈរដ្ឋមន្ត្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការធម្មនុញ្ញថៃមិនទាន់សម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីនៅឡើយទេ បើទោះបីបានទទួលយកញត្តិរបស់សមាជិកសភាថៃទាំង ៤០រូបក្នុងការទំលាក់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ពីបទបំពាននឹងក្រមសីលធម៌ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ សំណុំរឿងនេះ គឺមានការជាប់ពាក់ព័ន្ធនឹងការតែងតាំងលោក Pichit Chueban ដែលធ្លាប់ជាប់ពន្ធនាគារ ពីបទសូកប៉ាន់ និងប្រមាថមើលងាយមកលើប្រព័ន្ធតុលាការ។

កន្លងមកលោក សេដ្ឋា ថា​វីស៊ីន បានសម្រេចតែងតាំង​ លោក​​ Pichit ឲ្យឡើងធ្វើជារដ្ឋមន្ត្រី​ទទួលបន្ទុកខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។ តែយ៉ាងណាក្រោយរឿងអាស្រូវបានផ្ទុះឡើង វា​បានបង្ខំ​ឲ្យ​លោក Pichit សម្រេចលាឈប់វិញភ្លាមៗ ដោយ​លើកហេតុផលថា កុំឲ្យ​នាំរឿងរ៉ាវវែងឆ្ងាយដល់​លោក ​សេដ្ឋា ។

គួរបញ្ជាក់ដូច្នេះថា កាលពីក្នុងឆ្នាំ២០០៨ លោក Pichit Chueban ធ្លាប់ភ្លក់រសជាតិជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ក្រោយពីគេចាប់បានថា លោក​សូកប៉ាន់ទៅកាន់​មន្ត្រីតុលាការ​កំពូល​ តាមរយៈការហុចកញ្ចប់ម្ហូបអាហារ ដោយបន្លំដាក់សាច់ប្រាក់សុទ្ធចំនួន ​២លានបាត (៥៥ ២១៨ដុល្លារអាមេរិក) ​នៅក្នុងនោះ៕