ប្រធានក្រុមហ៊ុន Trung Nam Group លោក Nguyen Nam Thinh ត្រូវបានរដ្ឋាភិបាលវៀតណាមហាមឃាត់មិនឲ្យចាកចេញពីប្រទេស ដ្បិតក្រុមហ៊ុនលោកនៅមិនទាន់បានបង់ពន្ធជូនរដ្ឋប្រមាណ ៨៤០ ០០០ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
អ្នកគ្រប់គ្រងក្រុមហ៊ុន បានលើកឡើងថា គម្រោងរបស់ក្រុមហ៊ុន Trung Nam Group របស់ពួកយើង គឺលក់ចរន្តអគ្គិសនីទៅឲ្យស្ថាប័នអគ្គិសនីវៀតណាម (EVN) តែស្ថាប័នចំណុះរបស់រដ្ឋមួយនេះ ហាក់មានការបង់ប្រាក់មកកាន់ក្រុមហ៊ុនផលិតយឺតយ៉ាវពេក ជាហេតុនាំឲ្យមានការរាំងស្ទះលំហូរសាច់ប្រាក់។ លោកបន្តថា ពួកយើងនឹងបង់ពន្ធដែលជំពាក់់ជូនទៅកាន់រដ្ឋ នៅពេលណាដែលស្ថាប័នអគ្គិសនីវៀតណាម ទូទាត់ប្រាក់មកឲ្យក្រុមហ៊ុនជាមុនសិន។
គួរបញ្ជាក់ថា Trung Nam Group ជាក្រុមហ៊ុនឯកជនមួយ ដែលចាប់អារម្មណ័ជាពិសេសទៅលើឧស្សាហកម្មថាមពល ដោយវាបានដំណើរការរោងចក្រវារីអគ្គិសនី និងថាមពលកកើតឡើងវិញជាច្រើននៅក្នុងប្រទេស៕