កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី រៀបចំកម្មវិធី Pre-Wedding ជិះនាវាឆ្លងប្រទេស

អន្តរជាតិ

ទើបតែ Pre-Wedding មិនទាន់បានបីខែស្រួលបួលផង លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani និងគូដណ្តឹងកញ្ញា Radhika Merchant កំពុងរៀបចំពិធី Pre-Wedding លើកទីពីររបស់ពួកគេនៅលើនាវាដ៏ប្រណិត ដែលនឹងចេញដំណើរពីប្រទេសអ៊ីតាលី ទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រ Business Insider India បានឲ្យដឹងថា កម្មវិធី Pre-Wedding នេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា។ ក្នុងឱកាសនោះ នាវាទេសចរណ៍នឹងទទួលភ្ញៀវកិត្តិយសដល់ទៅចំនួន ៨០០នាក់រួមជាមួយការធ្វើបដិសណ្ឋារកិច្ចពីបុគ្គលិកប្រមាណ ៦០០នាក់ដើម្បីធានាបាននូវបទពិសោធន៍ប្រកបដោយភាពរលូន និងភាពរីករាយក្នុងការធ្វើដំណើរដែលមានចម្ងាយរហូតដល់ទៅ ៤ ៣៨០គីឡូម៉ែត្រ។

លោក Anant Ambani បច្ចុប្បន្នមានវ័យ ២៨ឆ្នាំជាកូនប្រុសពៅរបស់លោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិប្រមាណ ១១៧,១ពាន់លានដុល្លារ និងក៏ជាម្ចាស់ក្រុមហ៊ុន Reliance Industries រីឯកញ្ញា Radhika Merchant បច្ចុប្បន្នមានវ័យ ២៩ឆ្នាំជាកូនស្រីរបស់លោក Shri Viren Merchant ម្ចាស់ក្រុមហ៊ុនថែទាំសុខភាពឥណ្ឌា Encore Healthcare ។ ម្យ៉ាងវិញទៀត ទាំង Anant Ambani និង Radhika Merchant គឺសុទ្ធសឹងតែជានិស្សិតដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកដូចគ្នា។

សូមជម្រាបជូនថា គូស្នេហ៍មួយគូនេះធ្លាប់បានរៀបចំពិធី Pre-Wedding ម្តងរួចមកហើយកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា នៅទីក្រុង Jamnagar ប្រទេសឥណ្ឌា ខណៈកាលនោះការចំណាយសរុបសម្រាប់រៀបចំកម្មវិធីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនដល់ទៅ ១៥០លានដុល្លារ។ មួយវិញទៀត បើយោងតាមកាសែត Daily Mail ក៏ធ្លាប់បានបង្ហើបដែរថា កម្មវិធីដ៏ឱឡារឹកនោះ ក៏មានការអញ្ជើញចូលរួមពីអ្នកមុខអ្នកការក្នុងជួររដ្ឋាភិបាល តារាល្បីៗ ហើយក៏មានវត្តមានផងដែរនូវនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg, ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺលោកស្រី Ivanka Trump ទៀតផង៕