មេដឹកនាំប្រទេសសេដ្ឋកិច្ចធំៗទាំងបីនៅអាស៊ី គ្រោងជួបប្រជុំពិភាក្សាគ្នាលើកដំបូង នៅទីក្រុងសេអ៊ូល

អន្តរជាតិ

យោងតាមការិយាល័យប្រធានាធិបតីនៃទីក្រុងសេអ៊ូល បានបង្ហាញឲ្យដឹងថា មេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន គ្រោងនឹងបើកកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង ក្នុងរយ:ពេល ៤ឆ្នាំចុងក្រោយ នៅទីក្រុងសេអ៊ូល នាថ្ងៃទី២៦ ដល់ទី២៧ ខែឧសភាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីប្រឹក្សាសន្តិសុខជាតិរងកូរ៉េខាងត្បូង លោក Kim Tae-hyo បាននិយាយថា ប្រធានាធិបតី លោក Yoon Suk-yeol នឹងត្រូវជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីចិន​ លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នាថ្ងៃអាទិត្យ មុនពេលថ្នាក់ដឹកនាំកំពូលទាំងបីជួបប្រជុំរួមគ្នា នាថ្ងៃចន្ទបន្ទាប់។

ទន្ទឹមនឹងនេះ លោក Kim ក៏បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា មេដឹកនាំប្រទេសទាំងបីនេះ អាចនឹងធ្វើការអនុម័តទៅលើកិច្ចព្រមព្រៀងរួមមួយដែលផ្តោតទៅលើវិស័យសំខាន់ៗចំនួនប្រាំមួយ រួមទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្ទាប់ពីកិច្ចប្រជុំកំពូលនេះត្រូវបានបញ្ចប់។

គួរឲ្យដឹងផងដែរថា ប្រទេសជិតខាងទាំងបីនេះ បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជាមួយគ្នាជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមដំបូងតាំងពីឆ្នាំ២០០៨ មកម្លេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែទោះជាយ៉ាងណាគំនិតផ្តួចផ្តើមនៃកិច្ចប្រជុំនេះត្រូវបានរំខាន ដោយសារតែជម្លោះទ្វេភាគី និងជំងឺរាតត្បាតកូវីដ-១៩ ខណ:កិច្ចប្រជុំកំពូលត្រីភាគីលើកចុងក្រោយបំផុត ត្រូវបានធ្វើឡើង នៅចុងឆ្នាំ២០១៩។

ជម្រាបជូនទៀតថា កិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូង និងជប៉ុន បាននិងកំពុងធ្វើការដើម្បីកែលម្អទំនាក់ទំនងដែលកំពុងមានភាពតានតឹង ដោយសារជម្លោះជាប្រវត្តិសាស្ត្រ និងចង់ធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូសន្តិសុខត្រីភាគី ចំពេលមានការប្រជែងគ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិកកាន់តែខ្លាំង៕