ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់អាមេរិក Tesla កំពុងជំរុញឲ្យអ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួន ចាប់ផ្តើមផលិតគ្រឿងបន្លាស់សំខាន់ៗ នៅខាងក្រៅប្រទេសចិន និងតៃវ៉ាន់ បើទោះបីជាស្ថាបនិកក្រុមហ៊ុន លោក Elon Musk កំពុងប្រឹងប្រែងខ្លាំងក្នុងការជ្រៀតចូលទៅក្នុងទីផ្សាររថយន្តចិនក៏ដោយ។
បើតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Nikkei Asia បានបង្ហាញថា ក្រុមហ៊ុន Tesla បានស្នើសុំឲ្យអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់ខ្លួន ដូចជាបន្ទះសៀគ្វី អេក្រង់ និងប្រព័ន្ធគ្រប់គ្រងគ្រឿងអេឡិចត្រូនិក ចាប់ផ្តើមប្តូរទីតាំងចេញពីប្រទេសចិន និងតៃវ៉ាន់ នៅឆ្នាំក្រោយ។
ប្រភពដដែលនេះ បានបន្តទៀតថា ក្រុមហ៊ុន Tesla បានជូនដំណឹងនេះ ទៅកាន់អ្នកផ្គត់ផ្គង់របស់ខ្លួន ដោយបានលើកឡើងបញ្ហាចម្បង ដូចជាការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ នៅក្នុងប្រទេសចិន ជាពិសេសមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងក្នុងខែវិច្ឆិកាខាងមុខ។
គួរដឹងផងដែរថា ទាំងប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃដិន និងដៃគូប្រជែង លោក ដូណាល់ត្រាំ ដែលកំពុងតែស្វែងរកសន្លឹងឆ្នោតនោះ សុទ្ធសឹងតែបានអំពាវនាវឲ្យមានវិធានការកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងវិស័យបច្ចេកវិទ្យា ដោយរាប់ចាប់ពីបន្ទះសៀគ្វី រហូតដល់រថយន្តអគ្គិសនី។
ជម្រាបជូនទៀតផងដែរថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលរបស់លោក បៃដិន ក៏បានប្រកាសពីផែនការដំឡើងពន្ធដល់ទៅបួនដងទៅលើរថយន្ត EV របស់ចិនផងដែរ ដោយប្រកាសជាផ្លូវការអាចនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ ជាពិសេសទាក់ទងជាមួយនឹងគ្រឿងបន្លាស់ដែលផលិតនៅក្នុងប្រទេសចិន៕