យោងទៅតាមគេហទំព័រ Celebrity Net Worth បានឲ្យដឹងថា កីឡាករប្រដាល់ដែលមានជាងគេទាំងប្រាំនៅលើពិភពលោក មានទ្រព្យសម្បត្តិសរុបជិត ១,៤ពាន់លានដុល្លារ ខណៈដែលទ្រព្យដ៏ច្រើនមហាសាលទាំងអស់នេះ គឺបានមកពីការប្រកួតនៅលើសង្វៀន ព្រមទាំងការវិនិយោគជាដើម។ ខាងក្រោមនេះ គឺសុទ្ធសឹងតែជាអ្នកប្រដាល់ទាំងប្រាំរូប ដែលមានទ្រព្យសម្បត្តិច្រើនដាច់គេ៖

១. អ្នកប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather ជាអ្នកប្រដាល់ដែលមានបំផុតនៅលើលោក ពោលកីឡាកររូបនេះមានទ្រព្យសម្បត្តិដល់ទៅចំនួន ៤០០លានដុល្លារ។ រយៈពេល ២១ឆ្នាំនៃការប្រកបអាជីពប្រដាល់ (ឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៧) Floyd បានឈ្នះជើងឯកពិភពលោកសំខាន់ៗចំនួន ១៥ដង រាប់ចាប់ពីប្រភេទទម្ងន់ស្រាល ដល់កម្រិតមធ្យម។

២. អ្នកប្រដាល់សញ្ជាតិអាមេរិកដូចគ្នា George Foreman មានទ្រព្យសម្បត្តិប្រមាណ ៣០០លានដុល្លារ។ George ជាអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ពិភពលោកពីរសម័យកាល ម្ចាស់មេដាយមាសអូឡាំពិក និងក៏ជាសហគ្រិនមួយរូបផងដែរ។ យ៉ាងណា ប្រាក់ចំណូលពីការប្រកួតបានមកតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងយីហោលក់គ្រឿងអេឡិចត្រូនិក George Foreman Grill របស់គាត់ ដែលអាចលក់បានដល់ទៅជាង ១០០លានគ្រឿងទូទាំងពិភពលោក។

៣. អ្នកប្រដាល់ទម្ងន់មធ្យមរបស់ម៉ិកស៊ិក Saul Alvarez ក៏មានទ្រព្យសម្បត្តិខ្ទង់ ២៥០លានដុល្លារ។ កីឡាកររូបនេះធ្លាប់ឈ្នះជើងឯក WBC, WBA ព្រមទាំងឈ្នះខ្សែក្រវ៉ាត់ទម្ងន់មធ្យម The Ring ។ Saul ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ Canelo Energy នៅម៉ិកស៊ិក និងក៏ជាអ្នកវិនិយោគទៅលើហាងតូចៗ (Mart) សម្លៀកបំពាក់ និងកម្មវិធីហាត់ប្រាណផងដែរ។

៤. អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao គឺជាអត្តពលិកអាស៊ីមានទ្រព្យសម្បត្តិសរុប ២២០លានដុល្លារ។ អ្នកប្រដាល់រូបនេះ ធ្លាប់ឈ្នះជើងឯកពិភពលោកចំនួនប្រាំបីលើក និងបានឈ្នះជើងឯក Linear ក្នុងប្រភេទទម្ងន់ចំនួនប្រាំផ្សេងៗគ្នា។ លើសពីនោះ Pacquiao ក៏ជាអ្នកនយោបាយ ដោយបានធ្វើជាសមាជិកព្រឹទ្ធសភាហ្វីលីពីនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

៥. អ្នកប្រដាល់សញ្ជាតិអាមេរិកដើមកំណើតម៉ិកស៊ិក Oscar De La Hoya មានទ្រព្យសម្បត្តិសរុបចំនួន ២០០លានដុល្លារ។ Oscar ធ្លាប់ឈ្នះបានជើងឯកពិភពលោកចំនួន ១១ដងក្នុង ៦ប្រភេទទម្ងន់ផ្សេងៗគ្នា។ ចាប់តាំងពីចូលនិវត្តន៍ អតីតកីឡាកររូបនេះ បានប្តូរអាជីពយ៉ាងជោគជ័យទៅជា Promoter ប្រដាល់តាមរយៈក្រុមហ៊ុន Golden Boy Promotions របស់ខ្លួន៕