ទ្រព្យសម្បត្តិនាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប Nvidia កើនឡើង ២៦ដងនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ

អន្តរជាតិ

នាយកប្រតិបត្តិ និងជាប្រធានកំពូលក្រុមហ៊ុនផលិតបន្ទះឈីប Nvidia លោក Jensen Huang ត្រូវបានគេមើលឃើញថា ដោយសារ ផលិតផលបន្ទះឈីបកំពុងមានតម្រូវការខ្ពស់ ទ្រព្យសម្បត្តិរបស់លោកមានការកើនឡើង ២៦ដងឯណោះដល់ទៅជិត ៩៤ពាន់លានដុល្លារនៅអំឡុងរយៈពេល ៥ឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានចុះផ្សាយថា កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗលោក Huang ដែលជាម្ចាស់ភាគហ៊ុន៣,៥% បានមើលឃើញនូវទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនមានការកើនឡើង ៧,៧ពាន់លានដុល្លារ ខណៈដែលភាគហ៊ុនក៏មានការកើនឡើង៩% ផងដែរ។

ម្យ៉ាងវិញទៀត សារព័ត៌មាន Reuters បានចុះផ្សាយថា Nvidia មានតម្លៃទីផ្សារប្រហាក់ប្រហែល ២,៦ទ្រីលានដុល្លារ ដែលធ្វើឲ្យវាក្លាយជាក្រុមហ៊ុនឈរនៅលំដាប់លេខរៀងទីបីរបស់ Wall Street តាមពីក្រោយក្រុមហ៊ុន Microsoft និង Apple ។

គួរបញ្ជាក់ថា នៅបីខែដំបូងដើមឆ្នាំ ក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសចំនួន ២៦ពាន់លានដុល្លារ ខណៈវាក៏រំពឹងថានឹងទទួលបានប្រាក់ចំណូលចំនួន ២៨ពាន់លានដុល្លារទៀតនៅក្នុងត្រីមាសទីពីរនេះ។

សូមជម្រាបថាលោក Huang បានបង្កើតក្រុមហ៊ុន Nvidia នៅឆ្នាំ១៩៩៣ ដើម្បីផលិតបន្ទះឈីបសម្រាប់ការលេងហ្គេម។ តែក្រោយមក ដោយភាពរីកចម្រើននៃកម្មវិធី AI ជាពិសេស ChatGPT នៃ OpenAI បានធ្វើឲ្យតម្រូវការបន្ទះឈីបរបស់ Nvidia មានការកើនឡើងកាន់តែខ្លាំង ពោល Nvidia នាពេលបច្ចុប្បន្នមានចំណែកទីផ្សារដល់ទៅ៨០% នៃបន្ទះឈីប AI របស់ពិភពលោក៕