ប្អូនប្រុសអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវតុលាការពិន័យជិត ៣០ម៉ឺនដុល្លារពីបទបរិហារកេរ្តិ៍

អន្តរជាតិ

យោងទៅតាមសាលក្រមជាលាយលក្ខណ៍អក្សរកាលពីថ្ងៃទី២៤ ខែឧសភា តុលាការបានចេញដីការបង្គាប់ឲ្យប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong គឺលោក Lee Hsien Yang បង់ប្រាក់ចំនួន ៤០០ ០០០ដុល្លារសិង្ហបុរី (២៩៦ ០០០ដុល្លារអាមេរិក) ទៅកាន់រដ្ឋមន្ត្រីរដ្ឋាភិបាលពីរូប ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថាលោក Lee Hsien Yang បានធ្វើការចោទប្រកាន់បែបបរិហាកេរ្តិ៍ ប្រឆាំងនឹងរដ្ឋមន្ត្រីសិង្ហបុរីពីររូប បង្កជាផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះភាពសុចរិតទៀងត្រង់ កេរ្តិ៍ឈ្មោះ វិជ្ជាជីវៈ កិត្តិយស ព្រមទាំងបុគ្គលិកលក្ខណៈរបស់ពួកគេ។

ការលើកឡើងបែបនេះលោក Lee Hsien Yang ត្រូវបាន​រដ្ឋាភិបាលសិង្ហបុរី ផ្តល់ឱកាសឲ្យកែតម្រូវសារបង្ហោះលើ Facebook ផងដែរកាលពីខែកក្កដា ឆ្នាំ២០២៣ ដោយក្រសួងយុត្តិធម៌បានអះអាងថា វាមានខ្លឹមសារមិនពិតស្តីពី​រឿងអាស្រូវ ជុំវិញករណីដែលរដ្ឋមន្ត្រីទាំងពីររូបនោះ ជួលទ្រព្យសម្បត្តិរដ្ឋ។

យ៉ាងណាក៏ដោយ បើតាមចៅក្រម Goh Yihan ដដែលបានលើកឡើងទៀតថា លោក Lee មិនបានសុំទោស ឬលុបចោលការបង្ហោះវិញឡើយ ជំនួសមកវិញមានតែការបង្ហោះសារមួយថែមទៀតថា រូបលោកនៅតែជឿជាក់ ចំពោះអ្វីដែលខ្លួនបាននិយាយ។

គួរបញ្ជាក់ផងដែរថា លោក Lee Hsien Yang មានវិវាទមិនចុះសម្រុងជាមួយបងប្រុសរបស់ខ្លួន ដែលជាអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ជុំវិញរឿងផ្ទះដែលជាកេរ្តិ៍អាករបន្សល់ទុកដោយឪពុករបស់អ្នកទាំងពីរគឺលោក Lee Kuan Yew បិតាស្ថាបនិកប្រទេសសិង្ហបុរី។ ទំនាក់ទំនងបែកបាក់បងប្អូនបែបនេះ នាំឲ្យលោក Lee Hsien Yang សម្រេចចិត្តចងខ្លួនចូលរួមជាមួយគណបក្សប្រឆាំងនៅអំឡុង​ការបោះឆ្នោតឆ្នាំ២០២០  ហើយកាលពីឆ្នាំមុនវិញ រូបលោកក៏មានចេតនាចង់ឈរឈ្មោះប្រកួតប្រជែងតំណែងជាប្រធានាធិបតីផងដែរ៕