នាយករដ្ឋមន្ត្រីចិន ប្រាប់ទៅកាន់មេធំ Samsung ថាចិនបើកចិត្តស្វាគមន៍ក្រុមហ៊ុនបរទេសជានិច្ច

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សាយរបស់រដ្ឋ Xinhua បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោក នឹងបើកទូលាយជានិច្ចចំពោះក្រុមហ៊ុនបរទេស ដោយចាត់រាល់វិធានការដើម្បីបង្កើនទំនុកចិត្តរបស់ពួកគេ ក្នុងការចូលមកវិនិយោគនៅក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់ លោក Li បែបនេះ បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung លោក Lee Jae-yong នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា កន្លងទៅ ដែលជាថ្ងៃមុនការបើកកិច្ចប្រជុំកំពូលត្រីភាគី រវាងប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។

គួរឲ្យដឹងផងដែរថា ដោយត្រូវបានចាត់ទុកជាក្រុមហ៊ុនឈានមុខគេលើវិស័យបន្ទះឈីប និងស្មាតហ្វូន Samsung បានក្លាយជាក្រុមហ៊ុនបរទេសដ៏លេចធ្លោបំផុតមួយ នៅក្នុងប្រទេសចិន ដោយបានបណ្តាក់ទុនរាប់ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទៅក្នុងរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។

ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Li បាននិយាយប្រាប់ទៅកាន់ប្រធានក្រុមហ៊ុន Samsung ថាសហគ្រាសក្នុងស្រុកដែលទទួលបានមូលនិធិពីបរទេស គឺជាកម្លាំងដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន ហើយទីផ្សារដ៏ធំរបស់ប្រទេសចិន នឹងបើកចំហជានិច្ចចំពោះក្រុមហ៊ុនណាដែលផ្តល់មូលនិធិពីបរទេស។

លោក Li បានបន្ថែមទៀតថា ប្រទេសចិននឹងចាត់វិធានការ រួមទាំងការពង្រីកចំពោះការចូលទៅកាន់ទីផ្សារ ដើម្បីកែលម្អបរិយាកាសធុរកិច្ច ដើម្បីធ្វើឲ្យក្រុមហ៊ុនបរទេស អាចធានាបានក្នុងការវិនិយោគ និងការអភិវឌ្ឍរបស់ពួកគេ នៅក្នុងប្រទេសចិន៕