ចិន បង្កើតមូលនិធិរដ្ឋចំនួនជិត ៥០ពាន់លានដុល្លារ ដើម្បីជំរុញឧស្សាហកម្មបន្ទះឈីបក្នុងស្រុក

អន្តរជាតិ

រដ្ឋាភិបាលចិន បានបង្កើតមូលនិធិដ៏ធំបំផុតមួយមិនធ្លាប់មាន ដើម្បីជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបនៅក្នុងស្រុក ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពេលកំពុងទទួលរងសម្ពាធកាន់តែងខ្លាំង ដោយសារតែការរឹតបន្តឹងពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ដំណាក់កាលទីបីនៃការបង្កើតមូលនិធិវិនិយោគលើឧស្សាហកម្មបន្ទះឈីបថ្មីនេះ មានចំនួនរហូតដល់ទៅ ៣៤៤ពាន់លានយ៉ន់ (៤៧,៥ពាន់លានដុល្លារ) ដែលជាថវិការួមបញ្ជូលគ្នាដោយរដ្ឋាភិបាលកណ្តាល ធនាគារ សហគ្រាសរដ្ឋនានា រួមទាំងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន ផងដែរ។

ទន្ទឹមនឹងនេះ បើតាមប្រភពលើបានបង្ហាញឲ្យដឹងទៀតថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន នឹងក្លាយជាអ្នកកាន់ភាគហ៊ុនច្រើនជាងគេ នៅក្នុងមូលនិធិវិនិយោគនេះ ខណៈក្រុមហ៊ុនវិនិយោគលើវិស័យបន្ទះឈីបដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងតំបន់ នៅទីក្រុង Shenzhen និងប៉េកាំង ក៏មានចំណែកក្នុងនោះផងដែរ។

គួរឲ្យដឹងផងដែរថា ចិន បានក្លាយជាប្រទេសចំណាយដ៏ច្រើនបំផុតមួយ នៅក្នុងឧស្សាហកម្មបន្ទះឈីប ជាមួយនឹងការប្រើប្រាស់ដើមទុនរបស់រដ្ឋ ដើម្បីផ្តល់មូលនិធិដល់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកនានា ដូចជា Semiconductor Manufacturing International Corp (SMIC) ជាដើម។

ជម្រាបជូនថា ក្រោយការប្រកាសអំពីមូលនិធិថ្មីនេះ បានធ្វើឲ្យភាគហ៊ុនក្នុងក្រុមហ៊ុនបន្ទះឈីបសំខាន់ៗរបស់ប្រទេសចិន កើនឡើងគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះ ភាគហ៊ុនរបស់ SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេនៅក្នុងប្រទេសចិន បានកើនឡើងរហូតដល់ ៥,៤% និងក្រុមហ៊ុន Hua Hong Semiconductor កើនឡើង ៦% ផងដែរ៕