ថៃ បញ្ជូនពលករជំនាញទៅក្រៅប្រទេស សម្រេចបានជាង ៦០% នៃគោលដៅសរុប

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាល លោក Karom Phonphonklang បាននិយាយកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅថា រហូតមកដល់ពេលនេះប្រទេសថៃ បានបញ្ជូនពលករជំនាញចំនួន ៦០ ៧៦៩ នាក់ ទៅធ្វើការក្នុងប្រទេសចំនួន ១៣៩ ទូទាំងពិភពលោក ក្នុងឆ្នាំនេះ ដោយសម្រេចបាន ៦០,៧% នៃគោលដៅសរុបចំនួន ១០០ ០០០ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Karom បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ប្រទេស និងដែនដីកំពូលទាំង៥ ដែលថៃបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅឆ្នាំនេះ រួមមាន តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ឡាវ និងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យរងរដ្ឋាភិបាលរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា អ្នកដែលត្រូវបញ្ជូនទៅធ្វើការនៅបរទេស គឺស្ថិតនៅក្រោមកម្មវិធីរបស់រដ្ឋាភិបាល ដោយពួកគេនឹងត្រូវបានបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ មុនពេលធ្វើដំណើរ។ ពលករថៃដែលធ្វើដំណើរទៅធ្វើការដោយស្របច្បាប់ នៅក្រៅប្រទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ និងការការពារក្រោមច្បាប់ការងាររបស់ប្រទេសថៃ និងប្រទេសជាម្ចាស់ផ្ទះផងដែរ។

ជម្រាបជូនផងដែរថា យោងតាមធនាគារកណ្តាលថៃ​ បានបង្ហាញថា ពលករថៃនៅក្រៅប្រទេស បាន​ផ្ញើ​លុយត្រលប់មកកាន់ផ្ទះក្នុងប្រទេសកំណើតវិញ​ ក្នុងចំនួនសរុបប្រមាណ ៦,៧ពាន់លានដុល្លារ គិតនៅត្រឹមឆ្នាំ២០២៣ កន្លងទៅ៕