ក្រុមហ៊ុនសេដ្ឋីអ៊ីតាលីមួយ បង្ហើបតម្រុយវិនិយោគនៅប្រទេសកម្ពុជា

អន្តរជាតិ

កាលពីថ្ងៃទី២៧ ខែឧសភា ក្រុមហ៊ុន Stefano Ricci របស់សេដ្ឋីអ៊ីតាលី ដែលរកស៊ីលើវិស័យសម្លៀកបំពាក់ និងសម្ភារៈប្រណីតៗរបស់បុរស បានបង្ហោះវីដេអូមួយ ក្រោមចំណងជើងថា Explorer Project: Mission Cambodia ដែលវាគឺជាតម្រុយមួយ នៃការមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែព័ត៌មានលំអិតជុំវិញរឿងរ៉ាវមួយនេះ គឺមិនទាន់បង្ហាញច្បាស់លាស់នោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើក្រុមហ៊ុន Stefano Ricci នេះមានប្រតិបត្តិការ និងឥទ្ធិពលកម្រិតណា?

យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានធំៗជាច្រើនបានបង្ហាញថា ក្រុមហ៊ុន Stefano Ricci គឺត្រូវបានគ្រប់គ្រងបែបលក្ខណៈគ្រួសារទាំងស្រុង និងត្រូវបានដាក់ឈ្មោះតាមស្ថាបនិកក្រុមហ៊ុន លោក Stefano Ricci និងភរិយា អ្នកស្រី Claudia។

កាលពីប៉ុន្មានខែមុននេះ លោក Stefano ក៏បានតែងតាំងកូនប្រុសចំនួន ២រូប មកកាន់ការងារជំនួសដៃជើងមួយចំនួន ដោយកូនប្រុសច្បង Niccolo បានក្លាយជា CEO និងកូនប្រុសពៅ Filippo ជាប្រធានផ្នែករចនាម៉ូដ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Stefano Ricci គឺជំនាញលើការច្នៃម៉ូដ និងផលិតនូវសម្ភារៈប្រណីតៗ សម្រាប់បុរស ហើយវាត្រូវបានប្រើប្រាស់ដោយបុគ្គលល្បីៗ និងតារាលំដាប់កំពូលទូទាំងសកលលោក។

សូមជម្រាបដែរថា បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន Stefano Ricci ក៏កំពុងមានលក់នៅប្រទេសកម្ពុជាផងដែរ ពោលគឺមានហាងលក់ផ្ទាល់នៅក្នុងអគារវឌ្ឍនៈ ជាន់ផ្ទាល់ដី។

ក្រៅពីប្រទេសកម្ពុជា ក្រុមហ៊ុន Stefano Ricci ក៏មានហាងលក់ផលិតផលនៅបណ្ដាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ានដូចជា មាននៅប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរីផងដែរ៕