សមាជិកអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសកាលពីថ្ងៃទី២៧ ខែឧសភាថា ពួកគេនឹងមិនអញ្ជើញតៃវ៉ាន់ ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសឡើយ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា មូលហេតុដែល WHO សម្រេចចិត្តបែបនេះ គឺដោយសារមានការជ្រៀតជ្រែកពីប្រទេសចិន ដែលហាមមិនឲ្យមានវត្តមានរបស់តៃវ៉ាន់។
គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ តៃវ៉ាន់បានបាត់មុខពីកម្មវិធីអន្តរជាតិធំៗជាច្រើន ដោយសារតែមានការជំទាស់ពីប្រទេសចិន ដែលជាសមាជិកមានឥទ្ធិពលបំផុតមួយ ស្ទើរតែគ្រប់អង្គការធំៗទូទាំងសកលលោក។
សូមជម្រាបដែរថា តៃវ៉ាន់ធ្លាប់បានចូលរួមកិច្ចប្រជុំកំពូល WHO ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្នុងនាមជាអ្នកសង្កេត ដែលកាលនោះតៃវ៉ាន់ស្ថិតក្រោមការដឹកនាំរបស់លោក Ma Ying-jeou ក៏ប៉ុន្តែចាប់តាំងពីលោកស្រី Tsai Ing-wen ចូលកាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ចាប់ផ្ដើមរឹតបន្តឹងការចូលរួមកម្មវិធីអន្តរជាតិ របស់តៃវ៉ាន់ពីពេលនោះមក៕