រុស្ស៊ីត្រៀមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅក្នុងតំបន់អាស៊ីកណ្តាល

អន្តរជាតិ

អំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី២៧ ឧសភា ប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirxiyoyev បានមានប្រសាសន៍ថា រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតូចមួយនៅអ៊ូសបេគីស្ថាន ហើយវាក៏ជាគម្រោងដំបូងគេសាងសង់នៅប្រទេសស្ថិតក្នុងតំបន់អាស៊ីកណ្តាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះលោក ពូទីន ក៏បានលើកឡើងផងដែរថា៖ “ប្រទេសរុស្ស៊ីនឹងដាក់ទុនវិនិយោគប្រមាណ ៤០០លានដុល្លារចូលទៅក្នុងគម្រោងវិនិយោគរួមគ្នាចំនួន ៥០០លានដុល្លារជាមួយអ៊ូសបេគីស្ថាន”។ ម្យ៉ាងវិញទៀត បើយោងតាមឯកសារដែលចេញផ្សាយដោយវិមានក្រឹមឡាំង ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ Rosatom នឹងតំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនប្រាំមួយគ្រឿង ដែលមានសមត្ថភាពផលិតកម្លាំងបាន ៥៥មេហ្គាវ៉ាត់។

កិច្ចព្រមព្រៀងមួយនេះ នឹងបង្ហាញពីសមត្ថភាពរបស់រុស្ស៊ី ដែល​អាច​នាំ​ចេញ​មិនមែន​ត្រឹម​តែ​ថាមពល​​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​​​ចូលទៅ​ក្នុង​ទីផ្សារ​អាស៊ី បើ​ទោះ​ជា​​មហា​អំណាច​​រុស្ស៊ី ​កំពុង​ស្ថិត​​ក្រោម​សម្ពាធ​ទណ្ឌកម្ម​អន្តរជាតិ​ក៏​ដោយ។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សារវាងលោក ពូទីន និងលោក Mirziyoyev ធ្វើឡើងនៅក្នុងរដ្ឋធានី Tashkent ប្រទេសអ៊ូសបេគីស្ថាន ខណៈដែលវាជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទីបីរបស់កំពូលមេដឹកនាំរុស្ស៊ី ចាប់តាំងពីបានសច្ចាប្រណិធានក្នុងអាណត្តិជាប្រធានាធិបតីលើកទីប្រាំ កាលពីដើមខែឧសភា៕