ផ្អែកតាមសារព័ត៌មាន Global Times បានរាយការណ៍កាលពីថ្ងៃទី២៥ ខែឧសភាថា ក្រុមហ៊ុនចិនគ្រោងនឹងស្នើទៅកាន់អាជ្ញាធរឲ្យបើកការស៊ើបអង្កេត និងបង្ក្រាបចំពោះការនាំចូលផលិតផលសាច់ជ្រូកមួយចំនួនពីសហភាពអឺរ៉ុប (EU) ។
ជាមួយគ្នា យោងតាមទិន្នន័យគយបានបង្ហាញឲ្យដឹងថា ប្រទេសចិនបាននាំចូលសាច់ជ្រូកសរុបចំនួន ១,៥៥លានតោនកាលពីក្នុងឆ្នាំ២០២៣ ច្រើនជាងពាក់កណ្តាលនៃការនាំចេញសរុបរបស់ EU ទៅទៀត។
គួររំលឹកបន្តិចថា សំណើហាមឃាត់ការនាំចូលសាច់ជ្រូកនេះ កើតឡើងចំពេលដែលស្ថានភាពពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបកំពុងមានភាពតានតឹង ដ្បិតកន្លងមក EU បានធ្វើការស៊ើបអង្កេតលើការនាំចូលផ្សេងៗពីប្រទេសចិន ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក តួយ៉ាងកាលពីដើមខែ EU បានបើកការស៊ើបអង្កេតលើផលិតផលធ្វើពីដែក ឬផលិតផលស្រោបដោយសំណប៉ាហាំងពីប្រទេសចិន និងថែមទាំងកំពុងស៊ើបអង្កេតចំពោះរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនផងដែរ។
ទន្ទឹមនឹងនោះ ចិនក៏បានបើកការស៊ើបអង្កេតលើម៉ាកយីហោនាំចូលពីសហភាពអឺរ៉ុបមួយចំនួន កាលពីខែមករាកន្លងទៅ ហើយនៅសប្តាហ៍មុនវិញ អ្នកជំនាញផ្នែកឧស្សាហកម្មរថយន្តចិន បានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាដំឡើងពន្ធលើប្រភេទរថយន្តនាំចូល ដែលមានទំហំម៉ាស៊ីនស៊ីឡាំងធំជាង ២,៥លីត្រផងដែរ៕