Stefano Ricci ប្រកាន់គោលការណ៍ពិសេស មិនលក់សម្ភារៈប្រណីតឡាយឡុង ឥវ៉ាន់លក់មិនចេញ កំទេចចោល

អន្តរជាតិ

Stefano Ricci គឺជាក្រុមហ៊ុនម៉ាកយីហោដ៏ល្បីល្បាញបំផុតមួយរបស់អ៊ីតាលី ដោយផ្តោតទៅលើអាជីវកម្មធំៗ ជាពិសេសសម្លៀកបំពាក់សម្រាប់បុរស និងសម្ភារ:ប្រើប្រាស់ប្រណីតៗ ហើយចំណុចពិសេសរបស់ក្រុមហ៊ុនមួយនេះគឺ ផលិតផលដែលលក់មិនចេញ មិនប្រកាសលក់ឡាយឡុងឡើយ ពោលគឺកំទេចចោលទាំងស្រុងតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Stefano Ricci នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧២ ដោយអ្នករចនាដ៏ល្បីល្បាញគឺលោក Stefano Ricci និងភរិយា លោកស្រី Claudia ខណ:ទីតាំងចាប់ផ្តើមអាជីវកម្មដំបូងរបស់ពួកគេ គឺស្ថិតនៅក្នុងផ្ទះគ្រួសារមួយ ក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី។

ជាមួយនឹងការចាប់ផ្តើមដំបូង ដោយផ្តោតទៅលើតែសម្លៀកបំពាក់ លោក Stefano Ricci ក៏បានចាប់ផ្តើមពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបង្កើតអាជីវកម្មថ្មីៗ ដូចជាការផលិតទឹកអប់ នាឡិកា ស្រា គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសូម្បីតែសេវាកម្មរចនាផ្ទៃខាងក្នុង ផងដែរ។

លុះយូរៗទៅ Stefano Ricci បានផ្លាស់ប្តូរពីក្រុមហ៊ុនតូចមួយទៅជាក្រុមម៉ាកយីហោដ៏ប្រណីតមួយលំដាប់អន្តរជាតិដែលមានបុគ្គលិកសរុបប្រមាណ ៦០០ នាក់ នៅទូទាំងពិភពលោក និងមានហាង ៧០ នៅក្នុងទីក្រុងនានា ជុំវិញពិភពលោក ដោយក្នុងនោះក៏មានហាងស្ថិតនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានទីតាំងនៅក្នុងអគារវឌ្ឍនៈ ជាន់ផ្ទាល់ដី។

បច្ចុប្បន្ន លោក Stefano Ricci បានតែងតាំងកូនប្រុស ២រូបរបស់លោក ឲ្យចូលមកជំនួសកិច្ចការមួយចំនួន ដោយកូនប្រុសច្បង Niccolo បានក្លាយជា CEO និងកូនប្រុសពៅ Filippo ជាប្រធានផ្នែករចនាម៉ូដ។

ជម្រាបជូនផងដែរថា ចំណុចលេចធ្លោមួយដែលធ្វើឲ្យក្រុមហ៊ុន Stefano Ricci មានឈ្មោះបោះសំឡេងកាន់ខ្លាំងនោះ គឺដោយសារតែផលិតផលរបស់ពួកគេតែងតែថ្មីជានិច្ច ព្រោះថាទំនិញដែលលក់មិនចេញ នឹងត្រូវបំផ្លាញចោលជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងកុំឲ្យទំនិញណាមួយត្រូវលក់ក្នុងតម្លៃទាបជាងទីផ្សារ ឬបន្តយកទៅលក់នៅក្នុងហាងនានាផ្សេងទៀត។ ហើយសម្រាប់ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនកាលពីឆ្នាំ២០២៣ កន្លងទៅ មានចំនួនប្រមាណជាង ២០០លានដុល្លារ ពោលគឺបានកើនឡើងជាង ៤០% បើធៀបទៅនឹងឆ្នាំ២០២២ និងឆ្នាំ២០១៩៕