មុនក្លាយជាកំពូលមហាសេដ្ឋី ស្ថាបនិក Amazon ធ្លាប់ធ្វើការងារហក់លោតក្នុងវ័យខ្ទង់ ២០ឆ្នាំ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos គឺជាកំពូលមហាសេដ្ឋីមានបំផុតលើលោកទី២ បន្ទាប់ពីមហាសេដ្ឋីបារាំង Bernard Arnault ហើយលោកក៏ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេលើលោកផងដែរ កាលពីប៉ុន្មានឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនក្លាយជាកំពូលមហាសេដ្ឋីមានលុយរាប់រយពាន់លានដុល្លារ Jeff Bezos ធ្លាប់ជាបុគ្គលម្នាក់ ដែលមានការងារមិនច្បាស់លាស់ ជាពិសេសអំឡុងពេលលោកស្ថិតក្នុងវ័យ ២០ឆ្នាំ គឺមានការផ្លាស់ប្ដូរការងារមិនទៀងទាត់ឡើយ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Yahoo។

មូលហេតុដែលមហាសេដ្ឋីម្នាក់នេះ ធ្វើការងារមិនទៀងទាត់ គឺដោយសារលោកប្រកាន់ជំហរ​ចង់ចេញប្រកបអាជីវកម្មខ្លួនឯង ក៏ប៉ុន្តែចេញរកស៊ីដំបូងៗ គឺបរាជ័យ ខាតចុងខាតដើម ដូច្នេះហើយចង់មិនចង់ លោកក៏ត្រូវតែបង្ខំចិត្តធ្វើការបណ្ដើរ សន្សំលុយបណ្ដើរ ដើម្បីអាចធ្វើជាដើមទុនចេញរកស៊ីបន្តទៀត។

លោក Jeff Bezos បានចាប់ផ្ដើមការងារនៅធនាគារ Banker’s Trust ជាអ្នកគ្រប់គ្រងផលិតផល ហើយធ្វើការបាន ២ឆ្នាំ លោកបានឡើងតំណែងជាអនុប្រធានក្រុមហ៊ុននៅវ័យត្រឹម ២៦ឆ្នាំ។

លុះដល់ទសវត្សឆ្នាំ១៩៩០ ពេលដែលអ៊ីនធឺណិតចាប់ផ្ដើមមានប្រជាប្រិយភាព លោក Bezos ក៏បានសម្លឹងឃើញឱកាស នៃការដាក់លក់ផលិតផលតាមប្រព័ន្ធអ៊ីនធឺណិត ដោយលោកបាន​ចុចយកផលិតផលចំនួន ២០ មកដាក់លក់ ក៏ប៉ុន្តែមានតែសៀវភៅប៉ុណ្ណោះ ដែលលក់ដាច់ជាងគេ។

រហូតដល់ឆ្នាំ១៩៩៤ លោកបានសម្រេចបោះបង់ការងារ ប្រថុយចេញរកស៊ីខ្លួនឯងម្ដងទៀត ដោយលើកនេះ គឺបានបង្កើតនៅគេហទំព័រមួយឈ្មោះថា Amazon ដោយចាប់ផ្ដើមដំបូង ពីការលក់សៀវភៅ រហូតដល់លក់សឹងតែគ្រប់ផលិតផល និងបានក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតលើលោកនាពេលបច្ចុប្បន្ន។

សូមជម្រាបបន្ថែមថា បច្ចុប្បន្ននេះ Jeff Bezos គឺមានទ្រព្យសម្បត្តិសរុបប្រហែល ១៩៩ពាន់លានដុល្លារ ខណៈប្រភពចំណូលធំបំផុតរបស់លោក គឺបានមកពីក្រុមហ៊ុន Amazon៕