គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលបានយល់ព្រមអនុម័តទៅលើការសម្របសម្រួលទិដ្ឋាការជាបន្តបន្ទាប់ រួមទាំងការបន្តរយ:ពេលស្នាក់នៅរបស់ជនបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍របស់ខ្លួនបន្ថែមទៀត ចំពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Chai Wacharonke បាននិយាយថា ចាប់ពីខែមិថុនាតទៅ ប្រទេសរបស់ខ្លួន នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសនិងដែនដីចំនួន ៩៣ ពោលគឺកើនឡើងពីចំនួន ៥៧ នាពេលបច្ចុប្បន្ន ចូលមកកាន់ប្រទេសថៃ ដោយពុំតម្រូវឲ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅបានរហូតដល់ ៦០ថ្ងៃ។
ទន្ទឹមនឹងនេះ លោក Chai បានបន្ថែមទៀតថា និស្សិតសាកលវិទ្យាល័យដែលជាជនបរទេស នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីបញ្ចប់ការសិក្សា ខណ:អ្នកដំណើរដែលបានស្នើសុំទិដ្ឋាការតាមរយ:ប្រព័ន្ធឌីជីថល សម្រាប់ការស្នាក់នៅរយ:ពេលវែង និងមកធ្វើការ នឹងត្រូវបានបន្តសុពលភាពពី ៦០ថ្ងៃ ទៅ ៥ឆ្នាំ។
ជម្រាបជូនផងដែរថា យោងតាមក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង ១៤,៣២ លាននាក់គិតត្រឹមសប្តាហ៍មុន ហើយកំពុងកំណត់គោលដៅចំពោះការមកដល់យ៉ាងហោចណាស់ ៣៥ លាននាក់ ក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងចំណូលពីវិស័យទេសចរណ៍ចំនួន ៣,៥ទ្រីលានបាត (ប្រហែល ៩៥,៦២ពាន់លានដុល្លារ) ៕