ក្រសួងការពាជាតិស៊ុយអែត បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែនដែលមានតម្លៃ ១,៣ពាន់លានដុល្លារ កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ខណ:ចំនួននេះគឺជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ប្រទេសស៊ុយអែតដែលបានផ្តល់ជូនអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បើតាមរដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែត លោក Paal Jonson បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា កញ្ចប់ជំនួយថ្មីនេះ នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែនបន្ថែមទៀត រួមបញ្ចូលទាំងការផ្តល់ជូនយន្តហោះយោធា Airborne Surveillance and Control (ASC) 890 ផងដែរ។
គួរឲ្យដឹងផងដែរថា សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស៊ុយអែត បាននិយាយថាខ្លួនក៏នឹងផ្តល់ជំនួយផ្នែកថាមពលថ្មីដល់អ៊ុយក្រែនដែលមានតម្លៃប្រមាណជាង ៥៨លានដុល្លារ ផងដែរ។
ជម្រាបជូនថា ស៊ុយអែត គឺជាប្រទេសមួយដែលតែងតែផ្តល់ការគាំទ្រដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ដោយកាលពីដើមខែឧសភានេះ ខ្លួនគ្រោងនឹងធ្វើការបែងចែកទឹកប្រាក់ចំនួយ ៧ពាន់លានដុល្លារ ដើម្បីផ្តល់ជាជំនួយសម្រាប់អ៊ុយក្រែន នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦៕