រដ្ឋាភិបាលថៃ ក្នុងពេលថ្មីៗនេះបង្ហាញពីចេតនារបស់ខ្លួន ក្នុងការក្លាយជាសមាជិកថ្មីនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ឬត្រូវគេស្គាល់ថា BRICS ដោយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជាសមាជិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភាកន្លងទៅ រដ្ឋាភិបាលថៃ បានបង្ហាញផែនការសម្រាប់ការដាក់ពាក្យស្នើសុំចូលជាសមាជិកនៃក្រុមប្រទេស BRICS ហើយប្រសិនបើវាត្រូវបានអនុម័ត នោះថៃនឹងក្លាយជាសមាជិករបស់ BRICS ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្រ្តនយោបាយថៃ លោក Rom Phiramontri បាននិយាយថា វាចាំបាច់សម្រាប់ប្រទេសថៃក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS ចំពេលមានការថយចុះតួនាទីនៃប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ នៅក្នុងសេដ្ឋកិច្ចពិភពលោក។
មិនតែប៉ុណ្ណោះ លោក Rom ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការត្រៀមខ្លួនក្នុងការចូលរួមជាសមាជិកថ្មីរបស់ BRICS នេះ គឺជាជំហានដ៏សំខាន់បន្ទាប់ដែលអាចនឹងជួយពង្រឹងតួនាទីរបស់ថៃ ក្នុងនាមជាប្រទេសឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍថែមទៀតផង៕