ចិន សម្រេចលុបចោលបម្រាមនាំចូលសាច់គោពីក្រុមហ៊ុនចំនួន៥ នៅក្នុងប្រទេសអូស្រ្តាលី

អន្តរជាតិ

រដ្ឋាភិបាលចិន បានសម្រេចលុបចោលនូវបម្រាមក្នុងការនាំចូលសាច់គោពីក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីចំនួន៥ ចំពេលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់កំពុងមានភាពធូរស្រាលឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SMH។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យកសិកម្មរបស់ប្រទេសអូស្រ្តាលី បានបង្ហាញពីការកោតសរសើរយ៉ាងខ្លាំងចំពោះការងាររបស់រដ្ឋាភិបាល លោក Anthony Albanese ក្នុងការជួយដោះស្រាយជាមួយប្រទេសចិន ជុំវិញការរឹតបន្តឹងលើការនាំចេញកសិផលរបស់ប្រទេសអូស្ត្រាលី អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Murray Watt បានប្រកាសថា ការហាមឃាត់សាច់គោត្រូវបានលុបចោលលើកន្លែងកែច្នៃសាច់ចំនួន ៥ នៅក្នុងរដ្ឋ NSW និង Queensland គិតត្រឹមយប់ថ្ងៃពុធ ដោយនេះបានដកការរឹតបន្តឹងលើការនាំចេញដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីអូស្រ្តាលីទៅកាន់ប្រទេសចិន។

ជម្រាបជូនផងដែរថា ការបន្ធូរបន្ថយចំពោះការរឹតបន្តឹងលើការនាំចេញសាច់គោនេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Don Farrell កាលពីខែវិច្ឆិកាឆ្នាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលអូស្រ្តាលី ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៦ មក៕