៥ខែដំបូង វៀតណាម ទទួលបានការវិនិយោគក្នុងវិស័យអចលនទ្រព្យជិត ២ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមក្រសួងផែនការ និងវិនិយោគ បានបង្ហាញឲ្យដឹងថា វិនិយោគិនបរទេសបានចាក់លុយវិនិយោគចំនួន ១,៩៨ពាន់លានដុល្លារ ទៅក្នុងវិស័យអ​ចលនទ្រព្យរបស់វៀតណាម ក្នុងរយ:ពេល ៥ខែដំបូង ឆ្នាំ២០២៤ នេះ ពោលគឺកើនឡើង ៧០% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនៃការវិនិយោគនេះ ត្រូវបានអ្នកវិភាគកត់សម្គាល់ឃើញថាដោយសារតែមានការងើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់វៀតណាម នៅឆ្នាំនេះ ជាមួយនឹងអត្រាអតិផរណាដែលនៅស្ថិតក្រោមការគ្រប់គ្រងបានល្អ និងអត្រាការប្រាក់ឥណទានធនាគារធ្លាក់ចុះ ក៏ដូចជាការកើនឡើងនៃការវិនិយោគសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។

ទន្ទឹមនឹងនេះ បើតាមក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងទៀតថា ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបរទេសបានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនេះ គឺជាកម្រិតខ្ពស់បំផុតទីពីរ បន្ទាប់ពីវិស័យផលិតកម្មដែលទទួលបានការវិនិយោគសរុបចំនួន ៧,៤៣ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបក្នុងរយៈពេលប្រាំខែដំបូងឆ្នាំនេះ មានចំនួន ១១ពាន់លានដុល្លារ កើនឡើង ២%។ ក្នុងអំឡុងពេលនោះ ប្រទេស និងដែនដីចំនួន ៧៨ បានចូលមកវិនិយោគក្នុងប្រទេសវៀតណាម ខណ:សិង្ហបុរី នាំមុខគេ ជាមួយទុនវិនិយោគសរុប ៣,២៥ពាន់លានដុល្លារ កើនឡើង ២៨% និងតាមពីក្រោយដោយហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង៕