កាលពីថ្ងៃទី៣០ ខែឧសភា លោក ដូណាល់ ត្រាំ ត្រូវបានតុលាការក្រុងញ៉ូវយ៉ក ប្រកាសកាត់ទោសពីបទឧក្រិដ្ឋ ជុំវិញការបន្លំឯកសារ ដើម្បីលាក់ការសំងាត់ក្នុងការបង់ប្រាក់ ឲ្យតារាសិចម្នាក់ មុនការបោះឆ្នោតកាលពីឆ្នាំ២០១៦។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ហើយបន្ទាប់ពីការកាត់ក្ដីរយៈពេល ២ថ្ងៃ តុលាការក្រុងញ៉ូវយ៉ក សម្រេចប្រកាសថា លោក ត្រាំ គឺមានទោស ចំពោះការចោទប្រកាន់ចំនួន ៣៤ករណី។
គួររំលឹកបន្តិចថា បទឧក្រិដ្ឋទាក់ទងនឹងការក្លែងបន្លំឯកសារ គឺមានសណ្ឋានទោសជាប់ពន្ធនាគារជាអតិបរមា ៤ឆ្នាំ ក៏ប៉ុន្តែលោក ត្រាំ នឹងមិនត្រូវបញ្ជូនខ្លួនទៅកាន់ពន្ធនាគារឡើយ មុនពេលដែលការកាត់ទោសត្រូវប្រកាសជាផ្លូវការ ខណៈសាលក្រមជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា។
ជម្រាបបន្ថែមថា ការឃុំឃាំងអតីតប្រធានាធិបតីអាមេរិករូបនេះ នឹងមិនអាចរារាំងលោក ត្រាំ ពីការធ្វើយុទ្ធនាការស្វែងរកសន្លឹកឆ្នោត ឬក៏ចូលកាន់តំណែងបានឡើយ បើសិនជាលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ៕