បើនិយាយពីកីឡាប្រដាល់ គ្រប់គ្នាច្បាស់ជានឹកឃើញដល់ បុរសមាឌល្អិត តែកម្លាំងខ្លាំង គឺលោក ម៉ានី ប៉ាគីអាវ ដែលទទួលបានរហស្សនាមថាជាស្ដេចប្រដាល់ ប្រចាំតំបន់អាស៊ានជាមិនខាន។
មិនត្រឹមតែជាអត្តពលិកមួយរូប ដែលមានទ្រព្យសម្បត្តិច្រើនក្រាស់ក្រែលឡើយ អតីតអ្នកប្រដាល់រូបនេះ ក៏ធ្លាប់ប្រឡូកក្នុងឆាកនយោបាយ និងបានកាន់តំណែងធំក្នុងជួររដ្ឋាភិបាលនៃប្រទេសហ្វីលីពីនថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Sportskeeda បានបង្ហាញថា ស្ដេចប្រដាល់ហ្វីលីពីន បានកាន់តំណែងជាសមាជិកសភារយៈពេល ៦ឆ្នាំ ពោលកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសម្លេងគាំទ្រដល់ទៅ ១៦លាន។
យ៉ាងណា បច្ចុប្បន្ននេះ លោក ប៉ាគីអាវ មិនបានឈរឈ្មោះក្នុងជួររដ្ឋាភិបាលទៀតឡើយ ដោយងាកមកផ្ដោតលើការធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗ និងការប្រកបអាជីវកម្មផ្ទាល់ខ្លួនមួយចំនួនវិញ។
គួររំលឹកដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ស្ដេចប្រដាល់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្រោមការអញ្ជើញពីម្ចាស់ម៉ាកយីហោស្រាបៀរមួយ ដើម្បីចូលរួមក្លាយជាឯកអគ្គរដ្ឋទូតអន្តរជាតិ ស្របពេលលោក ប៉ាគីអាវ ក៏បានចូលសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕