ក្រុមហ៊ុន PT Kayan Hydro Energy កំពុងកៀរគរស្វែងរកអ្នកវិនិយោគបន្ថែម ដើម្បីបន្តបេកសកម្មដ៏ធំរបស់ខ្លួន នៅក្នុងគម្រោងសាងសង់រោងចក្រវារីអគ្គិសនី Kayan Cascade ដែលត្រូវបានគេចាត់ទុកថាជារោងចក្រវារីអគ្គិសនីធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងមានសមត្ថភាពផលិតថាមពលដល់ទៅ ៩០០០ មេហ្គាវ៉ាត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
គម្រោងរោងចក្រថាមពលវារីអគ្គិសនីដ៏ធំនេះ មានទីតាំងស្ថិតនៅលើទន្លេ Kayan ដែលជាទន្លេដ៏ធំបំផុតមួយ នៅក្នុងខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ី មានប្រភពចេញពីភ្នំ Ukeng ហើយហូរជាង ៥០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ Sulawesi ។
លោក Andrew Suryali ប្រធានក្រុមហ៊ុន PT Kayan Hydro Energy បានមានប្រសាសន៍ថា ៖”នេះមិនត្រឹមតែជាសមិទ្ធិផលជាតិដែលជារោងចក្រវារីអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្ហាញពីការរួមចំណែករបស់ឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោកផងដែរ”។
គួរឲ្យដឹងផងដែរថា ដោយមានថវិកាសរុបប្រមាណ ១៧,៨ពាន់លានដុល្លារ គម្រោងនេះគ្រោងសាងសង់ឡើងដោយមានទំនប់សំខាន់ៗចំនួន៥ ។ ហើយក្រៅតែពីការផលិតអគ្គិសនី គម្រោងនេះក៏ត្រូវបានគេព្យាករថានឹងចូលរួមអភិវឌ្ឍដល់វិស័យកសិកម្ម ព្រៃឈើ ធារាសាស្ត្រ និងទេសចរណ៍ក្នុងតំបន់ ទៀតផង។
ជម្រាបជូនទៀតថា សម្រាប់ដំណាក់កាលទីមួយ កំពុងដំណើរការសាងសង់ហើយ ដោយមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន ៩០០ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ ខណ:គម្រោងទាំងមូល ត្រូវបានរំពឹងទុកថានឹងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០៣៥៕