ម្ចាស់ភាគហ៊ុន Tesla ប្ដឹង Elon Musk ជុំវិញការលួចលក់ភាគហ៊ុនជាង ៧ពាន់លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃទី០១ ខែមិថុនា ម្ចាស់ភាគហ៊ុនក្រុមហ៊ុន​ Tesla មួយរូប បានដាក់ពាក្យបណ្ដឹងទៅកាន់មហាសេដ្ឋី Elon Musk ដោយចោទប្រកាន់ថា រូបលោកបានលួចលក់ភាគហ៊ុន បានលុយ ៧,៥ពាន់លានដុល្លារ កាលពីចុងឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ម្ចាស់ភាគហ៊ុនឈ្មោះ Michael Perry បានអះអាងថា Elon Musk បានលួចលក់ភាគហ៊ុនទាំងនោះ មុនពេលរបាយការណ៍ប្រចាំត្រីមាសទី៤ ត្រូវចេញផ្សាយជាសារធារណៈ។

ម្ចាស់ភាគហ៊ុនរូបនេះសង្កត់ធ្ងន់ទៀតថា មូលហេតុដែល Elon Musk លួចលក់ភាគហ៊ុន គឺដោយសារបានដឹងថា ទិន្នន័យប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២២ គឺមិនល្អឡើយ ដូច្នេះក៏លក់ភាគហ៊ុនយ៉ាងច្រើន ទទួលបានប្រាក់ចំណេញជាង ៣ពាន់លានដុល្លារ ក៏ប៉ុន្តែការលួចលក់ភាគហ៊ុនដ៏សំបើមរបស់ Elon Musk បានធ្វើឲ្យម្ចាស់ភាគហ៊ុនផ្សេងទៀត ទទួលរងការខាតបង់ជាខ្លាំង ពោលគ្រាន់តែលោកលក់ភ្លាម តម្លៃហ៊ុនដាំក្បាលចុះតែម្ដង។

សូមជម្រាបដែរថា នេះគឺជាបណ្ដឹងចុងក្រោយរវាងម្ចាស់ភាគហ៊ុន Tesla ជាមួយ Elon Musk ពោលកាលពីខែមិថុនា ឆ្នាំទៅ មហាសេដ្ឋីរូបនេះ ក៏ត្រូវបានជាប់ពាក្យបណ្ដឹងមួយ ដោយក្រុមវិនិយោគិន Tesla ទាមទារឲ្យបើកប្រាក់លើកទឹកចិត្តសរុប ៥៦ពាន់លានដុល្លារឲ្យលោក ស្របពេលបច្ចុប្បន្នរឿងក្ដីមួយនេះ គឺនៅដំណើរការនៅឡើយ៕