លោក Guillaume Faury នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Airbus បានលើកឡើងថា អឺរ៉ុបត្រូវធ្វើការឲ្យស៊ីជម្រៅបន្ថែមទៀតលើគម្រោងការពារជាតិ និងបង្កើនការវិនិយោគជាងនេះទៅលើសមត្ថភាពផលិតកម្មអាវុធ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

CEO រូបនេះបានបន្តទៀតថា សហភាពអឺរ៉ុបកំពុងទិញសព្វាវុធតិចជាងសហរដ្ឋអាមេរិកដល់ទៅប្រាំដងឯណោះ ហើយបីភាគបួននៃអាវុធទាំងនោះមិនត្រូវបានផលិតនៅអឺរ៉ុបទេ ភាគច្រើននៅអាមេរិក។ មូលហេតុដូច្នេះក៏ដោយសារតែ ការបណ្តាក់ទុនចំពោះការផលិតសព្វាវុធនៅអឺរ៉ុបមានតិចតួចពេក ហើយចុងបញ្ចប់សព្វាវុធដែលអាចទៅរកទិញបានយ៉ាងឆាប់រហ័ស គឺមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នកនយោបាយមិនត្រូវមានចក្ខុវិស័យគិតត្រឹមរយៈពេលខ្លីនោះទេ ពោលត្រូវគិតគូឲ្យបានវែងឆ្ងាយ។
មិនត្រឹមតែប៉ុណ្ណោះ លោក Faury ក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអង់គ្លេស ដ្បិតអីប្រទេសមួយនេះកំពុងអភិវឌ្ឍលើគម្រោងយន្តហោះចម្បាំង GCAP ជាមួយអ៊ីតាលី និងជប៉ុន ខណៈប្រទេសបារាំង អាល្លឺម៉ង់ និងអេស្បាញ កំពុងបន្តអភិវឌ្ឍន៍គម្រោងយន្តហោះចម្បាំង FCAS ៕
