ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការផាកពិន័យជិត ៦០០លានដុល្លារ ពាក់ព័ន្ធរឿងក្លែងបន្លំ

អន្តរជាតិ

ស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande នឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤,១៨ពាន់លានយ៉ន់ (៥៧៧លានដុល្លារ) ពាក់ព័ន្ធទៅនឹងការអនុវត្តអាជីវកម្មក្លែងបន្លំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការនិយតកម្មមូលបត្រចិន ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅរវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រុមហ៊ុន Evergrande Real Estate បានបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញក្លែងក្លាយ ជាមួយនឹងការប្រកាសអំពីប្រាក់ចំណូលមុនកាលកំណត់ ដែលនេះបានបណ្តាលឲ្យមានការក្លែងបន្លំនៃការចេញមូលបត្របំណុល ដែលត្រូវស្នើឲ្យមានការបោះផ្សាយជាសាធារណៈ នៅលើទីផ្សារប្តូរប្រាក់។

ទន្ទឹមនឹងនេះ និយតកម្មមូលបត្រចិន ក៏បានធ្វើការពិន័យទៅលើស្ថាបនិករបស់ក្រុមហ៊ុន Evergrande លោក Hui Ka Yan នៅក្នុងចំនួនទឹកប្រាក់ ៤៧លានយ៉ន់ ផងដែរជុំវិញករណីក្លែងបន្លំនេះ ដោយថែមទាំងបានហាមឃាត់រូបលោកពីការចូលទៅក្នុងទីផ្សារមូលបត្រឡើងវិញ អស់មួយជីវិតផងដែរ។

គួរឲ្យដឹងផងដែរថា Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបំណុលសរុបជាង ៣០០ពាន់លានដុល្លារ។ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនត្រូវបានបញ្ជាឲ្យរំលាយចោល ដោយតុលាការហុងកុង សម្រាប់ការមិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ លើសពី ២ឆ្នាំ ក្រោយខកខានការទូទាត់សងបំណុលក្រៅប្រទេសជាបន្តបន្ទាប់៕