កាលពីថ្ងៃទី២ មិថុនា ក្រសួងហិរញ្ញវត្ថុបានប្រកាសថា បំណុលសាធារណៈរបស់ថៃគិតត្រឹមចុងខែមីនា បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានដល់ចំនួន ១១,៤៧៤ទ្រីលានបាត ឬស្មើនឹង៦៣,៦៧% ធៀបទៅនឹង GDP សរុបរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។
ក្រសួងហិរញ្ញវត្ថុបានប្រកាសទៀតថា បំណុលសាធារណៈសរុបរបស់ប្រទេសថៃដែលមានចំនួន ១១,៤៧៤ទ្រីលានបាតនេះ ក្នុងនោះក៏មានបំណុលរដ្ឋាភិបាលចំនួន ១០,០៨៧ទ្រីលានបាត ហើយបំណុលក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមានចំនួន ១,០៧២ទ្រីលានបាត រួមទាំងបំណុលដែលជាការធានារបស់រដ្ឋាភិបាលលើប្រាក់កម្ចីដល់ក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុមានចំនួន ២០២,២៦៩ពាន់លានបាត និងបំណុលរបស់ទីភ្នាក់ងាររដ្ឋក៏មានចំនួន ១១១,៨៧៤ពាន់លានបាតផងដែរ។
ជាមួយគ្នាលោក Nonarit Bisonyabut ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) បានធ្វើការព្យាករណ៍ចំពោះបំណុលសាធារណៈរបស់ថៃនឹងមានកើនកើនឡើងដល់ចំនួន៦៨,៩% ធៀបទៅនឹង GDP នៅឆ្នាំ២០២៧ ។ លោកបន្តថា៖ “ស្ថានភាពនេះគួរឲ្យបារម្ភខ្លាំងណាស់ ព្រោះបំណុលសាធារណៈត្រូវបានកំណត់ដោយច្បាប់ត្រឹម៧០% ប៉ុណ្ណោះ”។
គួរជម្រាបបន្ថែមថា បំណុលសាធារណៈរបស់ប្រទេសថៃ បានកើនឡើងពីចំនួន៤១% ទៅ៤២% កាលពីក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២៣ វាបានកើនឡើងបន្តទៀតដល់ចំនួន៦២,៤% យ៉ាងណាកំណើនបំណុលយ៉ាងដូច្នេះ ក៏ដោយសារតែការចំណាយលើវិធានការសង្គ្រោះរបស់រដ្ឋាភិបាល អំឡុងជំងឺរាតត្បាតបានរីករាលដាលជុំវិញពិភពលោក៕