នាថ្ងៃទី០៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ ដោយបានធ្វើដំណើរមកដល់ទឹកដីកម្ពុជា វេលាម៉ោង ៩ព្រឹកនេះ។

សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញ៉ូវស៍ សូមគាស់កកាយពីប្រវត្តិស្នាដៃដ៏អស្ចារ្យ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះត្រួសៗ មកចែកជូនដូចតទៅ៖
យោងតាមការចុះផ្សាយពីគេហទំព័រអន្តរជាតិធំៗ បានបង្ហាញថា លោក Lloyd គឺជាឧត្តមសេនីយផ្កាយបួន ដែលបានចូលនិវត្តន៍ពីជួរកងទ័ពកាលពីឆ្នាំ២០១៦ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិកទី២៨ កាលពីខែមករា ឆ្នាំ២០២១។
អំឡុងពេលបំពេញភារកិច្ចក្នុងជួរកងទ័ព ឧត្តមសេនីយផ្កាយបួនរូបនេះ ធ្លាប់បម្រើការជាមេបញ្ជាការទី១២ នៃទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក និងធ្លាប់ជានាយរងសេនាធិការកងទ័ពអាមេរិកផងដែរ។
បន្ថែមពីនោះ លោកក៏ធ្លាប់ជាមេបញ្ជាការកងទ័ពអាមេរិក-អ៊ីរ៉ាក់ និងជាជនជាតិអាមេរិក កាត់អាហ្វ្រិកដំបូងបំផុត ដែលបានកាន់តំណែងកំពូលៗនៅក្នុងជួរកងទ័ពអាមេរិកថែមទៀត។
ក្រោយសាងស្នាដៃជាច្រើននៅក្នុងជួរកងទ័ពអាមេរិក ឧត្តមសេនីយផ្កាយបួនរូបនេះ ក៏បានទទួលមេដាយផ្កាយប្រាក់ ដែលជាពានរង្វាន់ខ្ពស់បំផុតទី៣ ប្រចាំសហរដ្ឋអាមេរិក ចំពោះភាពក្លាហានរបស់លោក អំឡុងពេលអាមេរិកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ក៏ដូចជាទទួលបានមេដាយកិត្តិយសក្នុងការការពារជាតិ ចំនួន ៥ផងដែរ។
សូមជម្រាបបន្តិចថា ក្រោយចូលនិវត្តន៍កាលពីឆ្នាំ២០១៦ លោកក៏បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយចំនួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីឆ្នាំ២០២១ កន្លងទៅ៕


