កាលពីថ្ងៃទី០៣ ខែមិថុនា សារព័ត៌មាន Bloomberg បានចុះផ្សាយថា មហាសេដ្ឋីឥណ្ឌា Gautam Adani បានដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតនៅអាស៊ី ពីមហាសេដ្ឋីរួមប្រទេស លោក Mukesh Ambani សារជាថ្មី។

ប្រភពដដែលបានបន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Adani Group មានសរុប ១១១ពាន់លានដុល្លារ ច្រើនជាងទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុន Reliance Industries ដែលមាន ១០៩ពាន់លានដុល្លារ។
កំណើនទ្រព្យសម្បត្តិរបស់លោក Adani គឺកើនឡើងខ្លាំង ដោយសារតម្លៃភាគហ៊ុនរបស់លោក មានការហក់ខ្ពស់ ក្រោយប្រកាសផែនការអភិវឌ្ឍន៍មួយចំនួន ជាពិសេសគឺការចំណាយលុយ ៩០ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
សូមជម្រាបដែរថា រយៈពេលកន្លះឆ្នាំនេះ ទ្រព្យសម្បត្តិរបស់លោក Adani មានកំណើនប្រហែល ៣២% ក៏ប៉ុន្តែវានៅមានតិចជាងចំណុចខ្ពស់បំផុត ដែលមហាសេដ្ឋីរូបនេះធ្លាប់មានកាលពីឆ្នាំ២០២២ ពោលទ្រព្យសម្បត្តិរបស់លោកធ្លាប់ហក់ឡើងដល់ ១៤៨ពាន់លានដុល្លារឯណោះ៕